(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ រយៈពេល ០២ថ្ងៃ ដែលពិធីបើកសន្និបាតបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់ប្រធាន នាយកដ្ឋាន ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ស្នងការនគរបាល និងប្រធានពន្ធនាគារ រាជធានី-ខេត្ត ព្រមទាំងអភិបាលក្រុង-ស្រុក-ខណ្ឌ មេឃុំ-ចៅសង្កាត់មួយចំនួន និងថ្នាក់ដឹកនាំតំណាង មកពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ៨០០រូប។

អង្គសន្និបាតមានកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណគ នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ ដែលបានពុះពារប្រកបដោយឆន្ទៈ និងការប្ដេជ្ញាចិត្តមោះមុត រួបរួមគ្នាបំពេញបេសកកម្មបម្រើបុព្វហេតុជាតិ និងប្រជាជន ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ។

ជាមួយនឹងការអបអរសាទរចំពោះសមិទ្ធផល សម្រេចបានក្នុងឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍ គន្លឹះមួយចំនួនជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែសកម្មថែមទៀត ក្នុងនោះ៖

* ត្រូវបន្តយកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យបានកាន់តែសកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័ន

* ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានម៉ឺងម៉ាត់ សំដៅកាត់បន្ថយឱ្យបាន ជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបន្ទុករបស់សង្គម ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍

* ត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឲ្យបានហ្មត់ចត់ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើក កម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕