(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហានជំនាញកងកិត្តិយសត្រែទ័ព ស្ថិតនៅភូមិសំរោង សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានពាំនាំនូវការសួរសុខទុក្ខពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្ដមសនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងឯកភាពកងកិត្តិយស ត្រែទ័ព ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋានទាំងអស់ និងជាពិសេសសិក្ខាកាមវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលយោធិនជំនាញកងកិត្តិយស ត្រែទ័ព ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន។

ជាមួយគ្នានេះដែរ ក្នុងនាមនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ យោធាចារ្យ គ្រូជំនាញ និងនាយទាហានរបស់កងឯកភាព កងកិត្តិយស ត្រែទ័ព ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួនប្រកបដោយឆន្ទៈ និងវិជ្ជាជីវៈតាមបទបញ្ជារបស់អគ្គបញ្ហាការដោយជោគជ័យ និងសហការរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលយោធិនជំនាញកងកិត្តិយសត្រែទ័ព ដ៏មានសារសំខាន់នេះឱ្យបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរកងឯកភាពកងកិត្តិយសត្រែទ័ព ដែលបានខិតខំបំពេញការងារវន្ទនកិច្ច បដិសណ្ឋារកិច្ចក្នុងកម្មពិធីជាតិ និងកងទ័ពតូច-ធំ បានទាន់ពេលវេលា ធានាបានសុវត្ថិភាព និងសម្រេចជោគជ័យគ្រប់ពិធីទោះបីការងារឆ្ងាយ បន្ទាន់ និងជួបការលំបាកផ្សេងៗក៏ដោយ ក៏យោធិនបានពុះពារ ស៊ូទ្រាំការលំបាកគ្រប់បែបយ៉ាង ជាពិសេសសូមកោតសរសើរកងកិត្តិយសត្រែទ័ព ការរាយការណ៍ជូនថ្នាក់ដឹកនាំ ហើយរក្សាបានសម្ភារៈសម្រាប់បម្រើការជំនាញបានគ្រប់គ្រាន់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ស្ថិតក្នុងបរិយាកាសដែលប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងខិតខំប្រឹងប្រែងឥតឈប់ឈរ ព្រមទាំងដាក់ចេញគោលនយោបាយជាច្រើនដើម្បីធ្វើឱ្យមានប្រសិទ្ធភាព និងដឹកនាំឱ្យបានជោគជ័យក្នុងការពង្រឹងស្ថាប័នដោយប្រសិទ្ធភាព និងអភិបាលកិច្ចដោយចីរភាពឈានទៅសម្រេចឱ្យបានជោគជ័យការលុបបំបាត់ភាពក្រីក្រជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានក្រើនរំលឹកដល់យោធិនត្រូវបន្តចូលរួមថែរក្សាសន្តិភាព និងគាំទ្រអនុវត្តរាល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងទប់ស្កាត់រាល់ឧបាយកលបំផ្លាញសុខសន្តិភាព របស់ប្រទេសជាតិឱ្យបានជាដាច់ខាត។

នាយឧត្តមសេនីយ៍ បានបន្ថែមថា សិក្ខាកាមបញ្ចប់វគ្គត្រូវលើកកម្ពស់ស្មារតី គោរពបទបញ្ជា វិន័យ និងសីលធម៌ សេចក្តីថ្លៃថ្នូរឱ្យសាកសមជាយោធិន នៃកងយោធពលខេមរភូមិន្ទ ហើយត្រូវចងចាំថាជាទំពាំងស្នងឫស្សី ត្រូវខិតខំរៀនសូត្របន្តពីរៀមច្បង និងជៀសឱ្យផុតពីគ្រឿងញៀន និងមិនធ្វើអ្វីដែលឆ្ងាយពីច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ទោះបីការរៀនសូត្របានបញ្ចប់វគ្គរួចហើយ តែក៏ត្រូវខិតខំស្វែងយល់រៀនសូត្របន្តទៀតដោយខ្លួនឯង ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ជាពិសេសត្រូវថែទាំកាយសម្បទាឱ្យមានកម្លាំងមាំមួន និងអនុវត្តន៍ឱ្យបានស្ទាត់រាល់កាយវិការ លំហាត់របៀបរបស់កងយោធពលខេមរភូមិន្ទ។

ទន្ទឹមនឹងនេះដែរ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារ រាល់កម្មវិធីដែលត្រូវចេញទៅបំពេញភារកិច្ច វន្ទនកិច្ច និងបដិសណ្ឋារកិច្ចក្នុងពិធីផ្សេងៗ ជាពិសេសរក្សាឱ្យបានដាច់ខាតចំពោះសុវត្ថិភាព ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប ហើយត្រូវពុះពារគ្រប់ការលំបាកផ្សេងៗ ទោះបីការងារនោះជាបន្ទាន់ ឬឆ្ងាយៗក៏ដោយ ក៏ត្រូវខិតខំបំពេញភារកិច្ចឱ្យបានជោគជ័យ ពីព្រោះភាពជោគជ័យរបស់យើងក៏ជាកិត្តិយសចំពោះប្រទេសជាតិ ចំពោះកងទ័ព អង្គភាពត្រែទ័ព និងយោធិនម្នាក់ៗ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ត្រូវខិតខំពង្រឹងកសាងសមត្ថភាព និងកាយសម្បទារបស់យោធិនម្នាក់ៗ ព្រមទាំងអប់រំ សតិអារម្មណ៍ឱ្យយោធិនទាំងអស់មានការគោរពវិន័យ គោរពបទបញ្ជា គោរពច្បាប់របស់រដ្ឋ ជាពិសេសស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ចំពោះមេបញ្ជាការគ្រប់ថ្នាក់ ហើយត្រូវប្រឆាំងរាល់ ឧបាយកលគ្រប់បែបយ៉ាងរបស់ពួកអគតិ និងជ្រុលនិយម ដែលបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ។

បន្តខិតខំថែរក្សា កសាងអង្គភាព ដោយថែរក្សាអគារ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ធានាដល់ការធ្វើការ និងរស់នៅរបស់យោធិនទាំងអស់ ជាពិសេសការថែរក្សា ថែទាំ និងគ្រប់គ្រងសម្ភារត្រែទ័ព និងអាវុធសម្រាប់វន្ទនកិច្ចឱ្យបានត្រឹមត្រូវ និងអាចបម្រើការបានព្រមទាំងសោភណ្ឌភាពល្អ ហើយយោធិនម្នាក់ៗ ត្រូវថែរក្សាឯកសណ្ឋានសម្រាប់វន្ទនកិច្ច និងស្លៀកពាក់ឱ្យបានត្រឹមត្រូវ និងសាកសមជាយោធិនរបស់កងយោធពលខេមរភូមិន្ទ៕