(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសក្រសួងប្រារព្ធ «ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤» បានថ្លែងថា ទិវានេះ គឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញដល់ការគិតគូរចំពោះស្ត្រីឱ្យកាន់តែខ្លាំង និងដោះស្រាយបញ្ហាប្រឈមនានា ឱ្យកាន់តែមានប្រសិទ្ធភាព។

ឆ្នាំនេះ ទិវាអន្តរជាតិនារី ត្រូវបានប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាប្រធានបទសមស្របនឹងបរិយាកាស នៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង ក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ប្រធានបទនេះ បង្ហាញឃើញពីទិសដៅ និងការគិតគូរបន្ថែមដល់ស្ថានភាពស្ត្រី ដែលត្រូវដើរឱ្យទាន់តាមសភាពការណ៍ដែលកំពុងវិវត្ត។

ជាមួយគ្នានេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងទៀតថា ជាលក្ខខណ្ឌធម្មជាតិ ស្ត្រីបានកើតមកជាមួយនូវកម្លាំងរូបវន្តខ្សោយជាងបុរស ព្រមទាំងការទទួលខុសត្រូវផ្នែកគ្រួសារខ្លាំងជាងបុរស រួមជាមួយក្រឹត្យក្រមសង្គមមួយចំនួន ដែលជាបុព្វហេតុចំបងនាំទៅដល់បញ្ហានានា ដែលប៉ះពាល់យ៉ាងខ្លាំងដល់លំហនៃសិទ្ធិសេរីភាពរបស់ស្ត្រី ការរើសអើងផ្នែក Gender វិសមភាពការងារ អំពើហឹង្សា ការជួញដូរ ការកេងប្រវ័ញ្ច និងអយុត្តិធម៌ក្នុងសង្គមជាដើម។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «មកទល់បច្ចុប្បន្ន ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទូទាំងពិភពលោកក៏ដោយ ក៏បញ្ហាប្រឈមរបស់ស្ត្រីនៅក្នុងសង្គម នៅតែបន្តកើតមាន ហើយការប្រារព្ធទិវាជារៀងរាល់ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញដល់ការគិតគូរដល់ស្ត្រីឱ្យកាន់តែខ្លាំង និងដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព»

បើតាមលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រី លើគ្រប់រូបភាព សង្គម នយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា និង ដែលមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏រឹងម៉ាំ។ រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំដ៏សកម្ម របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គោលជំហរនយោបាយនេះ នៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្តល់អាទិភាពដល់ស្ត្រីនៅតាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីកម្ពុជាត្រូវបានដាក់ចេញ អនុវត្តយ៉ាងសកម្ម។

ដើម្បីបន្តពង្រឹងការងារអាទិភាពចំពោះស្ត្រី នៅក្នុងក្របខណ្ឌការងារទូទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីរដ្ឋមន្ត្រី បានរំឭក និងផ្តល់យោបល់បន្ថែម ដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេស គណៈកម្មការនារីប្រចាំក្រសួង នូវការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

* បន្តកំណត់ឱ្យបានច្បាស់ នូវឧបសគ្គនានាក្នុងការបំពេញការងារ បំពេញតួនាទីភារកិច្ចរបស់ស្ត្រី និងលើកវិធានការបន្ថែមដើម្បីដោះស្រាយ
* បន្តផ្តល់អាទិភាពជូនស្ត្រី និងលើកទឹកចិត្តស្រី្ត ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលសមត្ថភាពនានា ដោយរាប់បញ្ចូលទាំងវគ្គបណ្តុះបណ្តាលជំនាញឌីជីថលផងដែរ
* បន្តកំណត់លក្ខណសម្បត្តិស្ត្រី និងលើកសំណើតែងតាំងស្ត្រី សម្រាប់មុខតំណែងដែលនៅទំនេរ
* ក្នុងករណីមានលក្ខណសម្បត្តិប្រហាក់ប្រហែលគ្នា ត្រូវបន្តផ្តល់អាទិភាពដល់បេក្ខនារី ដែលត្រូវជ្រើសរើសជាមន្ត្រីរាជការក្របខណ្ឌថ្មី និងជាមន្ត្រីជាប់កិច្ចសន្យា
* បន្តយកចិត្តទុកដាក់ចំពោះមន្ត្រីជាស្ត្រីមុនពេលចូលនិវត្តន៍ ដោយត្រូវរៀបចំបែបបទដំឡើងឋានន្តរស័ក្តិនិងថ្នាក់ ទៅតាមអតីតភាពការងារស្របតាមគោលការណ៍ជាធរមាន។
* គួរបង្កើតឱ្យមានការជួបជុំស្ត្រី បន្ថែមពីទិវានេះ ឱ្យបានយ៉ាងហោចណាស់១ដង ដើម្បីជាវេទិកាសម្រាប់ការជជែកពិភាក្សាលើស្ថានភាពស្ត្រី ការទទួលសំណូមពរ និងការលើកយោបល់ជាដំណោះស្រាយលើបញ្ហាប្រឈមដែលកើតមាន។

ជាការពិត ស្របតាមជំហរនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែផ្តល់អាទិភាព និងការគិតគូរខ្ពស់ដល់ស្ត្រី ដែលមកទល់បច្ចុប្បន្ននេះភាគរយនៃចំនួនស្រ្តីក្នុងចំណោម មន្ត្រី បុគ្គលិកសរុបរបស់ក្រសួងបានបន្តកើនឡើង ហើយថ្នាក់ដឹកនាំជាស្ត្រីក៏មានចំនួនកាន់តែច្រើននៅគ្រប់កម្រិតជំនាញ។

ជាមួយគ្នានេះ លោកស្រីស្នើសុំផងដែរដល់ស្ត្រីគ្រប់រូបដែលកំពុងបំពេញភារកិច្ច ក្នុងក្របខណ្ឌការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបន្តភាពសកម្មក្នុងការងារ តាមតួនាទីនិងភារកិច្ច ព្រមទាំងត្រូវឆ្លៀតពេលឱ្យបានច្រើនចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញទាំងក្នុងស្រុក និងបរទេស ដើម្បីមូលដ្ឋានបន្ថែមសម្រាប់ការរីកចម្រើនទៅមុខ ផ្នែកជំនាញ និងតួនាទី៕