(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» និងជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា អាចនឹងចរចាលើកិច្ចព្រមព្រៀងសម្បទាន កំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់។

លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ពាក់ព័ន្ធនឹងគម្រោងធំៗដែលក្រសួងសាធារណការកំពុងធ្វើ, លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា ការរៀបចំធ្វើយ៉ាងណាចរចាឱ្យបាននូវកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុនឯកជនចិន CRBC ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ ដែលនេះជាគម្រោងអតិភាពខ្ពស់ដែលសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យយើងខិតខំប្រឹងប្រែងធ្វើការងារនេះឱ្យមានប្រសិទ្ធភាព ហើយសម្តេចធិបតី ក៏បានលើកឡើងថា ចង់ធ្វើឱ្យគម្រោងនេះជាគម្រោងតភ្ជាប់ផ្លូវទឹក និងសមុទ្រឱ្យបានដែលផ្លូវនេះជាផ្លូវដ៏សំខាន់មួយ។

ពាក់ព័ន្ធនឹងគម្រោង «ព្រែកជីកហ្វូណនតេជោ» លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «យើងសង្ឃឹមថា យើងអាចពិភាក្សា ចរចាលើកិច្ចព្រមព្រៀងសម្បទាននេះ ប្រហែលជាខែមិថុនា ឬខែកក្កដា ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ»

សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ត្រូវបាន ប្រសិទ្ធ នាម ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំ ពេញ អង្គ គណៈ រដ្ឋមន្ត្រីនីតិ កាល ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ និងបន្តមកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ ការ អនុវត្តគម្រោងនេះផងដែរ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ បាសាក់ ស្រុកកោះធំ និងបន្តរហូត ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង ក្រោម ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង, សាងសង់ស្ពាន ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមាន បំពាក់ សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ ទន្លេផ្សេងៗ ទៀតផង ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ ទុន វិនិ យោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា អភិ វឌ្ឍន៍ កម្ពុជា ជាមួយតំណាងក្រុមហ៊ុន សា ជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង៕