(ភ្នំពេញ)៖ បណ្តុំអង្គការសង្គមស៊ីវិល បានចេញសេចក្តីអំពាវនាវដល់មហាជនទូទៅ ជនរួមជាតិដែលនិយមប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ដូចជាហ្វេសបុក Facebook TikTok Telegram ជាដើម ឱ្យរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីសង្គមមានសន្តិភាព និងការអភិវឌ្ឍ ក្រោយករណីអេស្កាវ៉ាទ័រកិនមនុស្សស្លាប់ ដែលបំភ្លៃខុសពីការពិត ត្រូវបានចែកចេញពេញបណ្តាញសង្គម។

បណ្តុំអង្គការសង្គមស៊ីវិល បានលើកឡើងថា ដោយសារមួយរយៈនេះមានសកម្មភាពការបំផុសបំផុលព័ត៌មានក្នុងបណ្តាញសង្គមជាច្រើនករណី ដូចជាផ្សព្វផ្សាយថា «អេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែការពារដីខ្លួន» គឺក្រុមប្រឆាំងជ្រុលនិយម បានយកករណីនេះ បំផុសបំផុលបង្កើតព័ត៌មានក្លែងក្លាយបំពុលសង្គម ដើម្បីកេងចំណេញផលប្រយោជន៍ផ្នែកនយោបាយប៉ុណ្ណោះ។ ប៉ុន្តែជាការពិតជាក់ស្តែង ករណីនេះរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ ក៏បានបញ្ជាក់ហើយថា ព័ត៌មានពិត គឺមិនមែនជាករណីទំនាស់ដីធ្លី ដូចការលើកឡើងរបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយនោះទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការភ័ន្តច្រឡំ និងពិនិត្យ ប្រភពឲ្យបានច្បាស់លាស់។

ដើម្បីជាផ្នែកមួយឆ្លើយតបការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ បណ្តុំអង្គការសង្គមស៊ីវិល បានសំណូមពរដល់អ្នកប្រើប្រាស់បណ្តាញសង្គម ដូចខាងក្រោម៖

១៖ ស្វែងរកប្រភពព័ត៌មានក្លែងក្លាយនោះហើយកុំទាន់ធ្វើការវិនិច្ឆ័យ និងចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្តែត្រូវកំណត់ប្រភពនោះឱ្យបានច្បាស់លាស់ជាមុនសិន។

២៖ រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទជែកនោះ។

៣៖ ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្តាញសង្គម ឬបណ្តាញសារព័ត៌មាននានាជាបន្ទាន់ដើម្បីបន្សាបព័ត៌មានប្រឌិត។

៤៖ អំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើតមាតិការបស់ខ្លួនប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមានតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់សិទ្ធិអ្នកដ៏ទៃឡើយ។

៥៖ សូមបញ្ឈប់នាំគ្នាចែករំចែកបន្ត ឬ Like Comment Share ជាដើម៕