(កំពង់ចាម)៖ អាជ្ញាធរ ព្រះសង្ឃ និងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងសហការគ្នាអំពាវនាវដល់សប្បុរសជននានា ឱ្យជួយកសាងមជ្ឈមណ្ឌលវិបស្សនាធុរៈដ៏ដំមួយ លើផ្ទៃដីជាង ១០ហិកតា ស្ថិតនៅចំណុចទួលសម្បូរ ស្ថិតក្នុងភូមិផ្ទះកណ្ដាល ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ សម្រាប់ឲ្យប្រជាពលរដ្ឋអាចធ្វើការសិក្សា និងអប់រំចិត្ត។

ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ព្រះរតនសត្ថា សែម សុវាសនា ប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ចាម និងជាព្រះគ្រូចៅអធិការវត្តផ្ទះកណ្ដាល មានសង្ឃដីកាថា បច្ចុប្បន្ននៅក្នុងខេត្តកំពង់ចាម មានមណ្ឌលវិបស្សនាចំនួន២៥ ខណៈនៅវត្តផ្ទះកណ្ដាល ត្រូវបានយកធ្វើជាមជ្ឈមណ្ឌលវិបស្សនាធំជាងគេ ប៉ុន្តែមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទ ដែលចង់បដិបត្តិនូវអប់រំចិត្ត ទើបធ្វើឲ្យមានការកសាងនូវទីតាំងថ្មី និងធំជាងមុន។

ព្រះអង្គមានសង្ឃដីកាបន្តថា មជ្ឈមណ្ឌលវិបស្សនាធុរៈនេះ នឹងមានកសាងនូវចូឡាមុនីចេតិយ មានកម្ពស់៥ជាន់ ដែលជាទីតាំងសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ ធ្វើវិបស្សនាកម្មដ្ឋាន ក្រៅពីនោះនឹងមានការកសាងអគារជាច្រើនខ្នងទៀត ដើម្បីបម្រើដល់ការងារសិក្សាអប់រំចិត្តនេះ តែយ៉ាងណាការកសាងនេះ ក៏អំពាវនាវផងដែរ ដល់សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមកសាង ព្រោះថវិកាត្រូវចំណាយនៅខ្វះខាតច្រើនទៀត។

ព្រះរតនសត្ថា សែម សុវាសនា មានសង្ឃដីកាបន្ថែមថា វត្តផ្ទះកណ្ដាល កំពុងក្លាយជាមជ្ឈមណ្ឌលវិបស្សនាធុរៈកណ្ដាល សម្រាប់ខេត្តកំពង់ចាម ដែលតែងមានព្រះសង្ឃ និងពុទ្ធបរិស័ទ ទៅបដិបត្តិវិបស្សនាកម្មដ្ឋានមានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែដោយសារទីតាំងមានភាពចង្អៀត មិនអាចឆ្លើយតបទៅនឹងការមកធ្វើធម៌របស់បរិស័ទ ទើបមានបង្កើតបន្ថែមនៅទីតាំងថ្មីនេះ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន បានកំពុងខិតខំធ្វើការអប់រំចរិយាធម៌ សីលធម៌ និងសម្បទាធម៌ដល់ប្រជាពលរដ្ឋ ជាពិសេសទៅដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ឲ្យពួកគេបានប្រព្រឹត្តិល្អ មិនផ្ដល់ផលអវិជ្ជមានដល់សង្គម ហើយដើម្បីអបអរសាទទិវាអំណានជាតិ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងប្រជែងបកស្រាយប្រធានបទ តួនាទីព្រះពុទ្ធសាសនា ក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌ផងដែរ៕