(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ សេចក្តីប្រកាសព័ត៍មានបង្ហាញលទ្ធផលលើចំណាត់ការសំណុំរឿងអត្រានុកូលដ្ឋានក្នុងរយៈពេល ៣៨ថ្ងៃនៃថ្ងៃធ្វើការ (គិតចាប់ពីថ្ងៃទី០៩ ខែមករា ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤) នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ, សាលាដំបូងរាជធានីភ្នំពេញ មានសំណុំរឿងអត្រានុកូលដ្ឋានសរុបចំនួន ១.៣០៩រឿង។

នៅក្នុងសេចក្តីប្រកាសព័ត៍មានរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា នៅក្នុងសំណុំរឿងអត្រានុកូលដ្ឋាន បានមានចំណាត់ការដូចខាងក្រោម៖

១៖ សំណុំរឿងមុនយុទ្ធនាការ (មុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤) មានចំនួន ៨២៤រឿង ត្រូវបានចាត់ការរួចទាំង ៨២៤រឿង ជូនប្រជាពលរដ្ឋ

២៖ ក្នុងអំឡុងពេលយុទ្ឋនាការមានសំណុំរឿងអត្រានុកូលដ្ឋានចូលថ្មីចំនួន ៤៨៥ រឿង ហើយត្រូវបានចាត់ការរួចចំនួន ៣៨៨ រឿង។

សរុបជារួមក្នុងរយៈពេល ៣៨ ថ្ងៃសាលាដំបូងរាជធានីភ្នំពេញ ចាត់ការសំណុំរឿង អត្រានុកូលដ្ឋានបានចំនួន ១.២១២ រឿង។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនបន្ថែមផងដែរថា ចំពោះសំណុំរឿង អត្រានុកូលដ្ឋានថ្មី ដែលនៅសល់កំពុងចាត់ការចំនួន ៩៧រឿង សាលាដំបូង នឹងខិតខំបន្តចំណាត់ការ ដោយយកចិត្តទុកដាក់ ពិនិត្យភាពត្រឹមត្រូវនៃឯកសារ និងភស្តុតាងនានា ដើម្បីចេញសេចក្តីសម្រេចជួន ប្រជាពលរដ្ឋឱ្យបានឆាប់បំផុត៕