(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនាយកដ្ឋានចារកម្ម បានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបង្ក្រាបករណីគ្រឿងញៀន ដោយបានឆែកឆេរបន្ទប់ចំនួន ០៤ (បួន) ក្នុងអគារខុនដូរមួយកន្លែងស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ជាលទ្ឋផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន០១នាក់ ដែលបានឆ្លងដែនខុសច្បាប់ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា និងរកឃើញសារធាតុញៀនប្រភេទ ម្សៅម៉ត់ស(កេតាមីន) ទម្ងន់ ៧១៤,៥២ក្រាម ម្សៅចំរុះពណ៍(MDMA) ទម្ងន់ ៣៦១,៦២ក្រាម ថ្នាំគ្រាប់ចំរុះពណ៌(NDMA) ទម្ងន់៨៩,២៩ក្រាម សារធាតុរាវ(កេតាមីន) ចំនួន៩១ដប ទម្ងន់៩១០ក្រាម និងថ្នាំគ្រាប់ពណ៌លឿង(នីមេតា ហ្សេប៉ាម) ទម្ងន់៥,៩៨ក្រាម។

ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀននេះ សមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យជនជាតិចិនខាងលើ និងបក្ខពួក ពីបទជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន, ឆ្លងដែនចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៨ នៃច្បាប់ស្ដីពីអន្តោប្រវេសន៍៕