(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណ៥០០នាក់ដែលជាកម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាជនក្នុងសហគមន៍ បានទទួលសេវាកម្មកាត់សក់ដោយមិនគិតថ្លៃពីសមាគមមិត្តយើងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះដែលធ្វើឡើងនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ។

កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការ ប្រតិបត្តិសមាគម បានលើកឡើងថា ការកាត់សក់ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនេះ គឺជាសកម្មភាពមនុស្សធម៌ របស់សមាគមដែលតែងតែធ្វើឡើងជាប្រចាំដោយមិនប្រកាន់អ្វីឡើយ។

បើតាមកញ្ញាដដែល កម្មវិធីសក់ និងសម្រស់ ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់ សមាគមមិត្តយើង ដែលរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង អំពីជំនាញហាងសក់ និងសម្រស់សម្រាប់អ្នក ដែលកំពុងស្វែង រកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយ លើកកម្ពស់ជីវភាពរស់នៅ។

ប្រធានគណៈកម្មការ ប្រតិបត្តិ សមាគមរូបនេះ បានបញ្ជាក់ពីផែនការមនុស្សធម៌របស់ខ្លួននៅឆ្នាំ២០២៤នេះ ថា សមាគមគ្រោងនឹងរៀបចំការ កាត់សក់មនុស្សធម៌នេះ ឱ្យបាន១២លើក នៅឆ្នាំ២០២៤នេះ ដោយរំពឹងថា នឹងអាចជួយដល់ពលរដ្ឋប្រមាណ១ម៉ឺននាក់ ឱ្យទទួលបានការកាត់សក់ ដោយឥតគិតថ្លៃ។ បេសកកម្មរបស់ មិត្តយើង គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព បង្កើតបណ្តាញគាំទ្រ ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយគ្នាក្នុងចំណោមអ្នកជំនាញ ដែលធ្វើការក្រៅប្រព័ន្ធ អ្នកជំនាញបច្ចេកទេស អ្នកផ្តល់សេវា និងអាជីវកម្មទាំងជាតិ និងអន្តរជាតិ។

ទន្ទឹមនឹងនេះ សមាគមមិតត្តយើង បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យចូលរួមក្នុងកម្មវិធីកាត់សក់ដោយសេរី និងឥតគិតថ្លៃដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤នេះ៕