(ស្ទឹងត្រែង)៖ ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត លោក ហ៊ុន ម៉ានី ប្រចាំខេត្តស្តឹងត្រែង និងរដ្ឋបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំរួមគ្នា ដោយពិនិត្យលើផែនការសកម្មភាពត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តផែនការសកម្មភាពត្រីមាសទី២ ឆ្នាំ២០២៤ នៃក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត លោក ហ៊ុន ម៉ានី ប្រចាំខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និង លោក ស៊ី សួន អភិបាលរងខេត្ត តំណាង លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។

កិច្ចប្រជុំពិសេសនេះធ្វើឡើងនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីលោក ភឿន កុសល លោកវេជ្ជបណ្ឌិត អ៊ុង រតនា លោកវេជ្ជបណ្ឌិត ទន វុទ្ធី លោកស្រី អួន ចន្ថា លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងលោកវេជ្ជបណ្ឌិត តាក សុវណ្ណ តំណាង លោកឱសថការី តឹក ឡេងស៊ឺ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគឥសាន្តខេត្តស្ទឹងត្រែង និងជានាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគឥសាន្តខេត្តស្ទឹងត្រែង រួមជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តស្ទឹងត្រែង ចំនួន ១៦០នាក់ សហការជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អភិបាល និងអភិបាលរងក្រុង ស្រុក ចំនួន ៣០នាក់ ។

ឱកាសនោះ លោក លេង ផាលី បានបញ្ជាក់ថា «ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នាដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ»

លោកបន្ថែមថា «ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ»

លោក ស៊ី សួន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង ដោយឥតគិតថ្លៃជាបន្តបន្ទាប់កន្លងមក។

អភិបាលរងខេត្ត បានបន្តថា ការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីសំណាក់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី គឺបានជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋបានមួយផ្នែក ជួយថែរក្សាសុខភាពប្រជាពលរដ្ឋ កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ជាពិសេសគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលបានដាក់ចេញគោលនយោបាយសុខាភិបាល ជាវិស័យអទិភាពទី១ នៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានគោលដៅពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។

សូមជម្រាបថា ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៤ កុម្ភៈ ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក​ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយសព្វថ្ងៃមានសមាជិកសមាជិកាចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន ២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សកលវិទ្យាល័យ ចំនួន ៣សាខា) ដឹកនាំនិងសម្របសម្រួលដោយ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃបានចំនួន ១៨៦២ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,១៥៩,៦៧៣ នាក់ (ដប់បីលាន ដប់ប្រាំម៉ឺន ប្រាំបួនពាន់ ប្រាំមួយរយ ចិតសិបបី នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៣២,៧៩៣ នាក់ (ប្រាំមួយលាន ចិតសិបបីម៉ឺន ពីរពាន់ ប្រាំពីររយ កៅសិបបី នាក់) គិតត្រឹម ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៧,៩៨៣,៦៥០ដុល្លារ (ប្រាំមួយរយហាសិបប្រាំពីរលាន កៅសិបប្រាំបីម៉ឺន បីពាន់ ប្រាំមួយរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)។

រហូតមកដល់បច្ចុប្បន្ន ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តលោក ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាន និងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការរជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៩០,១៦៤ដូស (ដប់មួយលានប៉ែតសិបប្រាំបួនម៉ឺនមួយរយហុកសិបបួនដូស)ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

លោក លេង ផាលី ក៏បានបញ្ជាក់បន្ថែមថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ៕