(ភ្នំពេញ)៖ គោលគំនិតនៃ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” ត្រូវបានរំលេចឡើងជាលើកដំបូងក្នុងសុន្ទរកថារបស់ឯកឧត្តមប្រធាន ស៊ី ថ្លែងក្នុងពិធីបើកសមាជជាតិលើកទី១៩ នៃគណបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ដែលក្នុងនោះឯកឧត្តម បានលើកឡើងថា សេដ្ឋកិច្ចរបស់ចិនបាន និងកំពុងផ្លាស់ប្តូរពីដំណាក់កាលនៃកំណើនយ៉ាងឆាប់រហ័សឆ្ពោះទៅរកដំណាក់កាលនៃ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់”

តាមទស្សនៈរបស់ឯកឧត្តម ស៊ី ជីនពីង “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” សំដៅទៅលើការផ្លាស់ប្តូរពីការអភិវឌ្ឍ ដែលផ្តោតលើបរិមាណ និងអត្រាកំណើន ទៅជាការអភិវឌ្ឍដែលផ្តោតលើគុណភាព និងប្រសិទ្ធភាពជាចម្បង ឬអាចនិយាយម្យ៉ាងទៀតថា ជាគំរូនៃការអភិវឌ្ឍថ្មីមួយ ដែលឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍដោយផ្តោតលើនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សំដៅបំពេញបំណងប្រាថ្នារបស់ប្រជាជនចិន ឱ្យទទួលបានជីវិតកាន់តែប្រសើរឡើង និងរុញច្រានប្រទេសចិនឱ្យឆ្ពោះទៅរក ប្រទេសសង្គមនិយមជឿនលឿនលើគ្រប់វិស័យ នៅឆ្នាំ២០៤៩។

ចាប់តាំងពីឯកឧត្តម ស៊ី ជីនពីង បានលើកឡើងពីគោលគំនិត នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជាលើកដំបូងមក រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយ និងគំនិតផ្តួចផ្តើមជាច្រើន ដែលក្នុងនោះរួមមាន ការជំរុញការបង្កើតគំរូអភិវឌ្ឍន៍ថ្មី ការពង្រឹងសមត្ថភាពផ្នែកនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ការអភិវឌ្ឍបៃតង និងកំណែទម្រង់រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់ ដែលនាំសេដ្ឋកិច្ចចិនឆ្ពោះទៅរក ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពោលគឺមានប្រសិទ្ធភាព និរន្តរភាព និងភាពធន់ជាងមុន។ យោងតាមរបាយការណ៍របស់ ការិយាល័យជាតិស្ថិតិចិន ផលិតផលក្នុងស្រុកសរុបរបស់ចិន (ផសស) ក្នុងឆ្នាំ២០២៣ បានកើនឡើងប្រមាណ ៥,២% ស្មើនឹង ១២៦,០៦ ទ្រីលានយ័ន (ប្រមាណ ១៧,៧ ទ្រីលានដុល្លារអាមេរិក) ហើយបានរួមចំណែកដល់កំណើនផសសរបស់ពិភពលោកប្រមាណ ៣០% ដែលធ្វើឱ្យសេដ្ឋកិច្ចចិនក្លាយទៅជាក្បាលម៉ាស៊ីន រុញច្រានសេដ្ឋកិច្ចពិភពលោកដ៏រឹងមាំជាងគេបំផុត។

ប្រទេសចិនបានចាត់ទុកការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការរុញកំណើនសេដ្ឋកិច្ចឱ្យឈានដល់កម្រិតគុណភាពខ្ពស់ ហើយបាន និងកំពុងអភិវឌ្ឍយ៉ាងសកម្មនូវបញ្ញាសិប្បនិមិត្ត ព័ត៌មាន Quantum និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាទំនើបជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រទេសចិនបានសម្រេច នូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះយន្តហោះដឹកអ្នកដំណើរខ្នាតធំរបស់ចិន C919 បានដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការ ខណៈកប៉ាល់ទេសចរណ៍ខ្នាតយក្សសាងសង់ដោយចិន បានបញ្ចប់ការធ្វើដំណើរសាកល្បង។

ឧបករណ៍អេឡិចត្រូនិចដែលផលិតដោយចិនកំពុង ទទួលបានប្រជាប្រិយភាពពីអ្នកប្រើប្រាស់ ទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុត BYD បានលក់រថយន្តអគ្គិសនីថ្មីជាង ៣ លានគ្រឿងក្នុងឆ្នាំ ២០២៣ ជិតពីរដងនៃរថយន្ត Tesla ខណៈក្រុមហ៊ុនផលិតថ្មលីចូមរបស់ចិន ក៏ទទួលបានចំណាត់ថ្នាក់ទីមួយ ក្នុងចំណែកទីផ្សារពិភពលោក។ ប្រទេសចិន ក៏បានកំពុងឈានមុខ លើវិស័យថាមពលបៃតងជាមួយនឹង បច្ចេកវិទ្យាថាមពលព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី។ វឌ្ឍនភាពទាំងនេះបានអនុញ្ញាតឱ្យប្រទេសចិនសម្រេចបាន នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងផ្តល់នូវកាលានុវត្តភាពថ្មីៗ ដល់ការជំរុញកំណើនសេដ្ឋកិច្ចសកល។

ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងការថមថយ ដែលបណ្តាលមកពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការរំខានដល់ ច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើងនៃគោលនយោបាយគំាពារនិយម ប្រទេសចិនបាន និងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការស្តារឡើងវិញនៃសេដ្ឋកិច្ចសកល តាមរយៈការរៀបចំវេទិកា ការតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិជាច្រើន ក្នុងនោះរួមមាន (១) វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (២) ពិព័រណ៍នាំចូលអន្តរជាតិចិន (៣) ពិព័រណ៍នាំចូល-នាំចេញចិន (៤) ពិព័រណ៍ផលិតផលអ្នកប្រើប្រាស់អន្តរជាតិចិន និង (៥) សន្និសីទប្រចាំឆ្នាំវេទិកាបូអាវសម្រាប់អាស៊ី ដើម្បីចែករំលែកសមិទ្ធផល នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ខ្លួន។ កាលពីឆ្នាំ២០២៣ ប្រទេសចិនបានរៀបចំដោយជោគជ័យនូវវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម» ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចសកល បង្កើនការតភ្ជាប់ក្នុងតំបន់ និងពិភពលោក និងលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ។

ជាការពិតណាស់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន មិនត្រឹមតែដើរតួនាទីជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច របស់ប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងកម្ពុជាផងដែរ។ បច្ចុប្បន្ន ចិនគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកផ្ដល់ជំនួយដ៏ធំបំផុតរបស់កម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បានផ្តល់ជូនកម្ពុជា នូវអត្ថប្រយោជន៍សក្តានុពលជាច្រើន ជាពិសេសការទទួលបានការចូលទីផ្សារចិន ដែលមានពន្ធគយសូន្យភាគរយ ក្នុងកម្រិតប្រហែលជា ៩៨% នៃបន្ទាត់ពន្ធគយសរុបរបស់ចិន ដែលគ្របដណ្តប់លើផលិតផលសំខាន់ៗ របស់កម្ពុជាដូចជា ស្វាយ គ្រាប់ស្វាយចន្ទី ចេក ត្រី សាច់ អាហារកែច្នៃ និងផលិតផលផ្សេងៗទៀត។

បើនិយាយពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាឆ្អឹងខ្នងសម្រាប់កំណើនសេដ្ឋកិច្ចវិញ ចិនបានជួយកម្ពុជាកសាងផ្លូវប្រមាណជា ៣១ខ្សែ សរុបប្រវែងជាង ៣ ពាន់គីឡូម៉ែត្រ និងស្ពានជាង ១៦ រួមទាំងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលបានបើកការដ្ឋានសាងសង់កាលពីថ្មីៗនេះ។ ទន្ទឹមនឹងនេះ សំណង់ធំៗនានាក៏ត្រូវបានលេចចេញជារូបរាងឡើង ក្រោមការគាំទ្ររបស់រដ្ឋាភិបាលចិន រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពហុកីឡដ្ឋានជាតិមរតកតេជោ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនខេត្តត្បូងឃ្មុំ និងអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ខណៈដែលគម្រោងធំៗជាច្រើនទៀតកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។ សមិទ្ធផលទាំងនេះបានរួមចំណែក ជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

សរុបមក ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់មិនត្រឹមតែបានរួមចំណែក ដល់ការជំរុញទំនើបភាវូបនីយកម្មចិន ឱ្យឈានទៅរកកសាង ប្រទេសសង្គមនិយមរឹងមាំ និងជឿនលឿនលើគ្រប់វិស័យនៅឆ្នាំ២០៤៩ នោះទេ តែថែមទាំងរួមចំណែកដល់ ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលផង និងសេដ្ឋកិច្ចរបស់ប្រទេសតូចៗផងដែរ។ ការរីកចម្រើនរបស់ចិន ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទីពីរ របស់ពិភពលោក នឹងនាំមកនូវកាលានុវត្តន៍ភាពថ្មីៗសម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា