(ភ្នំពេញ)៖ ដើម្បីជាការចូលរួមចំណែកផ្តល់ជាធាតុចូលសំខាន់ៗសម្រាប់ជាគន្លឹះក្នុងការដឹកនាំក្រសួងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវផែនការអាទិភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ចេញអនុសាសន៍ណែនាំបន្ថែមចំនួន ១២ចំណុច ដើម្បីជាការតម្រង់ទិស និងធានាដល់ការសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

អនុសាសន៍ណែនាំ ១២ចំណុច របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានដូចជា៖

* ទី១៖ ខិតខំពន្លឿន និងជំរុញនីតិវិធីក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗ ដែលជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានាដូចជា៖ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ), ផ្លូវជាតិលេខ៥០សេ និងស្ពានឆ្លងកាត់ទន្លេសាបពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ, ផ្លូវជាតិលេខ៥៧ (បាត់ដំបង-អូរព្រះ), កំណាត់ផ្លូវជាតិលេខ៦ (ត្រពាំងធំ-ស្លក្រាម), ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ), ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-អូរស្មាច់), កំណាត់ផ្លូវជាតិលេខ៧ (រមាត-ត្រពាំងគ្រៀល), ផ្លូវជាតិលេខ៧០បេ (ទន្លេបិទ-ស្រីសន្ធរ-ព្រែកតាមាក់-ក្រុងអរិយក្សត្រ-ល្វាឯម-ពាមរក៍), ផ្លូវជាតិលេខ៨ (ព្រែកតាមាក់-ក្រែក), ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាពិសេសជំរុញកិច្ចសហការរវាងក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគ រួមទាំងភាគីពាក់ព័ន្ធលើការសិក្សាលម្អិត ដើម្បីឈានទៅការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ក្រុងប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន។

* ទី២៖ បន្តជំរុញការតាមដាន និងត្រួតពិនិត្យលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានាដែលកំពុងដំណើរការសាងសង់ ដើម្បីបញ្ចប់ឱ្យបានតាមផែនការគ្រោងទុក និងធានាបាននូវគុណភាព ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ជាមួយគ្នានេះក្រសួងក៏ត្រូវយកចិត្តទុកដាក់លើការងារជួសជុលថែទាំប្រចាំឱ្យមានប្រសិទ្ធភាព និងជំរុញការស្ដារលើកកម្រិតផ្លូវជាតិ និងផ្លូវខេត្តឱ្យទៅផ្លូវក្រាលបេតុងកៅស៊ូ (AC) ដើម្បីប្រើប្រាស់បានយូរអង្វែង។

* ទី៣៖ ជំរុញការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ថានីយចម្រោះទឹកកខ្វក់ ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ចៀស និងគ្រប់គ្រងហានិភ័យនៃការជន់លិច ព្រមទាំងលើកកម្ពស់អនាម័យនៅតាមទីក្រុងសំខាន់ៗ ដូចជា៖ ទីក្រុងនៅតាមតំបន់មាត់សមុទ្រ ក្រុងសៀមរាប ក្រុងបាត់ដំបង និងក្រុងតាខ្មៅជាដើម ជាពិសេសតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលកំពុងប្រឈមនឹងជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងអនាម័យបរិស្ថាន។

* ទី៤៖ ជំរុញកិច្ចសហការរបស់ក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ និងជំរុញក្រុមហ៊ុនវិនិយោគ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីសហការសិក្សា និងសម្រេចឱ្យបាននូវការអនុវត្តគម្រោងផ្លូវដែកអាទិភាពដូចជា៖ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិថ្មីនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប, គម្រោងផ្លូវរថភ្លើងក្រោមដីនៅក្នុងរាជធានីភ្នំពេញ និងគម្រោងលើកកម្រិតផ្លូវដែកដែលស្រាប់ឱ្យទៅជាផ្លូវដែកល្បឿនលឿន។ ដូចដែលខ្ញុំបានបញ្ជាក់ខាងដើម ក្នុងនាមខ្ញុំជាប្រធានគណៈកម្មការអន្តរក្រសួងលើគម្រោងផ្លូវដែកអាទិភាពទាំងនេះ ខ្ញុំនឹងចូលរួមសហការជាមួយ ឯកឧត្ដមរដ្ឋមន្ត្រី និងក្រុមការងារ ដើម្បីជំរុញកិច្ចការនេះ ឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក។

* ទី៥៖ ជំរុញការអភិវឌ្ឍលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ តាមរយៈការពិនិត្យលទ្ធភាពធ្វើការតភ្ជាប់ប្រទាក់ក្រឡាជាមួយបណ្ដាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជា៖ ផ្លូវគោក ផ្លូវដែក និងកំពង់ផែ។ លើសពីនេះក្រសួងក៏ត្រូវបន្តជំរុញអភិវឌ្ឍការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំណង់កំពង់ផែកុងតឺន័រ កំពង់ផែពហុបំណង កំពង់ផែទេសចរណ៍ និងមណ្ឌលអាជីវកម្មកំពង់ផែ រួមទាំងមជ្ឈមណ្ឌលភស្តុភារកម្ម ដើម្បីលើកកម្ពស់សកម្មភាពប្រកួតប្រជែង និងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិរយៈពេលវែង។

ទី៦៖ ជំរុញអនុវត្ត «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣» ជាពិសេសគម្រោងអាទិភាពដែលបានកំណត់នៅក្នុងផែនការមេនេះ ក្នុងចំណោម ១៧៤គម្រោង ដោយពិនិត្យលទ្ធភាពជំរុញការវិនិយោគក្រោមក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ជាមួយគ្នានេះក្រសួងក៏ត្រូវជំរុញការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង, ការដោះស្រាយបញ្ហាកកស្ទះ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត និងជំរុញការពិភាក្សាជាមួយភាគីថៃ និងវៀតណាម ដើម្បីបង្កើនប្រតិបត្តិការច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប។

* ទី៧៖ ជំរុញការរៀបចំ និងអនុម័តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (EV) និងបន្តបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក្នុងការវិនិយោគដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ដើម្បីលើកទឹកចិត្តការប្រើប្រាស់យានយន្តអគ្គិសនី សំដៅចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនក្នុងធម្មជាតិនៅកម្ពុជា។

* ទី៨៖ ជំរុញការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមរយៈយន្តការមួយចំនួនដែលក្រសួងបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងពន្លឿននីតិវិធីក្នុងការរៀបចំ និងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យសមស្របទៅនឹងការវិវត្តរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ក្រសួងក៏ត្រូវពិនិត្យលទ្ធភាពប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងការជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យបានជាអតិបរមា ដើម្បីធានានូវការថែទាំ និងការប្រើប្រាស់ផ្លូវ-ស្ពានរបស់យើងបានយូរអង្វែង។

* ទី៩៖ បន្តជំរុញការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរមា។

* ទី១០៖ បន្តពង្រឹងការអភិវឌ្ឍធនធានមនុស្សទាំងបរិមាណ និងទាំងគុណភាព តាមរយៈការលើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាលទៅលើជំនាញ និងសមត្ថភាពរបស់មន្ត្រី ស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះចំនួន ៤គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ក្រសួងក៏ត្រូវលើកកម្ពស់ និងពង្រឹងសមត្ថភាពវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានដំណើរការល្អ មានប្រសិទ្ធភាព និងធានាបាននូវស្តង់ដារគុណភាពអប់រំ ដើម្បីឱ្យកូនចៅជំនាន់ក្រោយអាចរៀនសូត្រ និងដកបទពិសោធន៍ជាក់ស្ដែងនៅទីតាំងការដ្ឋានសាងសង់ផ្លូវ-ស្ពានរបស់ក្រសួង។

* ទី១១៖ ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពន្លឿនការរៀបចំ និងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដូចជា៖ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក, ច្បាប់ស្ដីពីផ្លូវថ្នល់, ច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក, ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក, ច្បាប់ស្ដីពីកំពង់ផែ, ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ និងច្បាប់ស្តីពីផ្លូវដែកជាដើម រួមទាំងការរៀបចំផែនការមេ បទប្បញ្ញត្តិបច្ចេកទេស និងគោលនយោបាយនានា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យបានកាន់តែគ្រប់ជ្រុងជ្រោយ។

* ទី១២៖ ត្រូវគិតគូរពិនិត្យលទ្ធភាពបន្ថែមក្នុងការពង្រីកវិសាលភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ការតាមដាននិងត្រួតពិនិត្យការអនុវត្តគម្រោង និងការគ្រប់គ្រងលំហូរទិន្នន័យឯកសារជាដើម។

បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង ដែលបានខិតខំប្រឹងប្រែងឱ្យសម្រេចឱ្យបាននូវទិសដៅការងារឆ្នាំ២០២៤នេះ ឱ្យទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕