(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឯកសារសម្រាប់ផ្សព្វផ្សាយអប់រំ និងទម្រង់បែបបទ សម្ភារ ឯកសារសម្រាប់ប្រើប្រាស់ ក្នុងការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ អំពីការត្រួតពិនិត្យផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងគ្មានពាក្យបណ្តឹងពាក់ព័ន្ធ នឹងលទ្ធផលនៃការបោះឆ្នោត អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងសម្រេចដូចខាងក្រោម៖

១៖ ឯកភាពលើសេចក្ដីព្រាង នៃសេចក្តីសម្រេច ស្តីពីការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងតារាងលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវបាន គ.ជ.ប សម្រេចឲ្យប្រកាសផ្សាយជាសាធារណៈ នៅម៉ោង ១០៖០០ព្រឹក ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បន្ទាប់មកទៀត អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗ ដោយបានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ហើយនិងបានសម្រេចដូចខាងក្រោម៖

២៖ ឯកភាពលើខិត្តបណ្ណសំណួរចម្លើយស្វែងយល់ពីការបោះឆ្នោត និងស្ទិកគ័រ (sticker) សម្រាប់បិទផ្សាយដែលមានខ្លឹមសារអប់រំ។
៣៖ ឯកភាពលើសេចក្ដីព្រាងខ្លឹមសារទម្រង់បែបបទ ស្រោមសំបុត្រ ស្បោង កញ្ចប់ដាក់សម្ភារឯកសារប្រើប្រាស់សម្រាប់ការបោះឆ្នោត បណ្ណប្រកាស ខិត្តបណ្ណ ព្រមទាំងឯកសារមួយចំនួនទៀត រួមមានដូចខាងក្រោម ៖
* ទម្រង់បែបបទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានចំនួន ៨ ទម្រង់។
* ទម្រង់បែបបទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ មានចំនួន ១០ ទម្រង់។
* ស្រោមសំបុត្រចំនួន ១៤ ប្រភេទ ស្បោង និងកញ្ចប់ដាក់សម្ភារឯកសារចំនួន ៨ ប្រភេទ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។
* ទម្រង់បែបបទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានចំនួន ៩ ទម្រង់។
* ស្រោមសំបុត្រចំនួន ១៦ ប្រភេទ ព្រមទាំងកញ្ចប់ដាក់សម្ភារឯកសារចំនួន ៧ ប្រភេទ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។
* គំរូត្រាសម្ងាត់ការិយាល័យបោះឆ្នោត។
* ស្លាកសម្គាល់ការិយាល័យបោះឆ្នោត។
* បណ្ណប្រកាសហាមប្រើប្រាស់ទូរសព្ទដៃ ម៉ាស៊ីន និងឧបករណ៍ថតរូបក្នុងការិយាល័យបោះឆ្នោត។
* ខិត្តបណ្ណ ស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន។

៤. ឯកភាពលើឯកសារបោះពុម្ពផ្សព្វផ្សាយរួមមាន៖
* សៀវភៅផ្នត់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។
* ខិត្តបណ្ណ ស្តីពីគំរូឯកសារប្រើប្រាស់ផ្លូវការ និងគំរូប្លង់ការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានណែនាំដល់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឲ្យប្រមូលចងក្រងទុកឯកសារអំពីរបៀបបោះឆ្នោតរបស់ប្រទេសនានា ដែលគណៈប្រតិភូ គ.ជ.ប បានទៅចូលរួមសង្កេតការណ៍បោះឆ្នោតនៅក្រៅប្រទេស នាពេលកន្លងមក និងមួយទៀត បានណែនាំឲ្យមានការត្រួតពិនិត្យអក្ខរាវិរុទ្ធ អត្ថន័យតាមវេយ្យាករណ៍ អក្សរសាស្ត្រខ្មែរ ឲ្យបានត្រឹមត្រូវ៕