(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅចុងខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ លោលសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកអំពីអនុសាសន៍ចំនួន ១៧​ចំណុច ដែលបានលើកឡើង​សម្រាប់ អង្គភាពផ្តល់សេវាសាធារណៈ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

​លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ​បានជំរុញឲ្យបន្តប្រុងប្រយ័ត្ន នូវបញ្ហាជំងឺគ្រុនឈាមដែលកំពុងនៅជាការប្រឈម ដែលត្រូវបន្តយុទ្ធនាការទប់ស្កាត់ការចម្លងជំងឺនេះ និងផ្សព្វផ្សាយវិធីបង្ការការពារការឆ្លងរាលដាលជូនប្រជាពលរដ្ឋតាមសហគមន៍។​ ចំពោះបញ្ហាជំងឺគ្រុនចាញ់ នៅគ្រប់បណ្តារាជធានី-ខេត្ត ត្រូវព្យាយាមកាត់ផ្តាច់ខ្សែចង្វាក់ចម្លងនៃជំងឺ ដើម្បីឈានទភលុបបំបាត់ឱ្យអស់ក្នុងឆ្នាំ២០២៥ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី រំលឹកឱ្យមន្រ្តីជំនាញត្រួតពិនិត្យ ឱ្យបានច្បាស់លាស់ក្នុងការរៀបចំ ដើម្បីដាក់ស្នើមេដាយ ជូនមន្រ្តីដែលមានស្នាដៃកន្លងមក​ ដែលជាការលើកទឹកចិត្តបន្ថែមទៀត ក្នុងការខិតខំរបស់គាត់ក្នុងទំនួលខុសត្រូវដែលជាគំរូ។

ជាចុងក្រោយលោករដ្ឋមន្រ្តី បានផ្តល់ឱកាសឱ្យប្រធានអង្គភាព ប្រធាននាយកដ្ឋានថ្នាក់កណ្តាល លើកឡើងនៃការអនុវត្តតាមគន្លឹះសំខាន់ៗ ដែលជាជំនួយស្មារតីដំណោះស្រាយលើបញ្ហាប្រឈមនានាកន្លងមក ជាពិសេសឱ្យមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ធ្វើការផលិតចេញសារអប់រំសុខភាពទាក់ទងនឹងគ្រឿងស្រវឹង​ ជំងឺឆ្លង ជំងឺមិនឆ្លង អោយបានច្រើនថែមទៀត ក្នុងការត្រៀមលក្ខណៈទាន់ពេលវេលា​ទៅនឹងសភាពការណ៍ ដើម្បីធ្វើការផ្សព្វផ្សាយក្នុងប្រព័ន្ធព័ត៌មាននានា។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត៕