(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំ​សមាជិក​រាជ​រដ្ឋាភិបាល គោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតម្កល់រៀបចំពិធី​បុណ្យនៅវត្ត​ឧណ្ណា​លោម។

ក្នុងសមានទុក្ខដ៏សង្វេគក្រៀមក្រំ សម្តេចធិបតី ហ៊ុន ម៉ាណែត និងសមាជិករាជរដ្ឋាភិបាល បានលំឱនកាយថ្វាយបង្គំគោរពដល់ព្រះសព និងឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ​អគ្គ​មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ និងកងកម្លាំង​ប្រដាប់​អាវុធ​មានសេចក្តីសង្វេគ សោកស្ដាយ អាឡោះ អាល័យជាពន់ពេក ស្ទើររកទីបំផុតគ្មាន ចំពោះការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជា ធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។

ការយាងចូលទិវង្គតរបស់ព្រះអង្គ ជាការបាត់បង់ដ៏ធំធេងរបស់ជាតិនិងប្រជាជនកម្ពុជា។ ក្នុងពេញមួ​យ​ព្រះជន្ម​របស់សម្តេច សម្តេចបានខិតខំអស់ព្រះកាយពល ធ្វើពលិកម្មគ្រប់បែបយ៉ាង បូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសសម្តេចបានធ្វើពលិកម្ម ដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់​ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្តមឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតអស់​ព្រះជន្ម។

សូមបញ្ជាក់ថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលព្រះទិវង្គត នៅ​ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ​វេលា​ម៉ោង ៥៖៤០នាទីល្ងាច ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការមានសមាសភាពចម្រុះជាមន្ត្រីសង្ឃជាន់ខ្ពស់ មកពីគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិករបស់រាជរដ្ឋាភិបាល ដើម្បីចាត់ចែងរៀបចំពិធីបុណ្យថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត ទេព វង្ស៕