(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នឹងប្រារព្ធកម្មវិធី «ទិវាវប្បធម៌ជាតិ» លើកទី២៦ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ នៅកោះពេជ្រ។ នេះបើតាមលោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩​​ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហាប់ ទូច បានលើកឡើងបន្តថា «ទិវាវប្បធម៌ជាតិ» លើកទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នឹងមានអ្នកចូលរួមប្រមាណជាង ៤០០០នាក់ ក្នុងនោះ មានតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់ សិល្បករទាំងក្នុង និងក្រៅប្រព័ន្ធទូទាំងប្រទេស ព្រមទាំងភ្ញៀវកិត្តិយជាច្រើនរូប។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ក៏បានពន្យល់ថា «ទិវាវប្បធម៌ជាតិ» មិនអាចធ្វើនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយសារចំថ្ងៃអាទិត្យ។ លោកបន្តថា មូលហេតុ ដែលជ្រើសរើសប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយសារយុវជន ជាកម្លាំងចលករដ៏ខ្លាំង ក្នុងការទ្រទ្រង់វប្បធម៌ជាតិ ឲ្យរីកចម្រើនទៅមុខ។

លោក ហាប់ ទូច បានបន្តថា បច្ចុប្បន្ន យុវជនមានសកម្មភាពយ៉ាងផុលផុស ក្នុងការចូលរួមលើកស្ទួយវិស័យវប្បធម៌ជាតិ។

លោកថ្លែងថា «បច្ចុប្បន្ន យុវជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភវឌ្ឍសេដ្ឋកិច្ច ហើយបើមើលទៅក្នុងវិស័យវប្បធម៌ យុវជនក៏ចូលរួមច្រើនដែរ ជាពិសេស ក្នុងព្រឹត្តិការណ៍សំណេរអង្គរ មានយុវជនចូលរួមច្រើនណាស់ ដែលមកពីទូទាំងប្រទេស។ បើពិនិត្យក្នុងសកម្មភាពផ្សេងៗ មានការតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិ ឃើញមានយុវជនច្រើន ដែលមានអ្នកចូលរួមជាង ២០ម៉ឺននាក់ ជាពិសេសយុវជនស្ម័គ្រចិត្ត ដែលមានច្រើន គួរជាទីមោទនៈ ខណៈការតែងនិពន្ធ មានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ មួយវិញទៀត ព្រឹត្តិការណ៍ភាពយន្ត យុវជនមានការចូលរួមច្រើនណាស់ដែរ បើអ្នកស្ម័គ្រចិត្តចូលរួមច្រើនមែនទែន។ អ្វី ដែលយើងនឹងធ្វើ គឺបង្កើតព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីលើកស្ទួយវិស័យវប្បធម៌ជាតិ ខណៈជាទូទៅយុវជនចូលរួមច្រើនណាស់»

លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានថ្លែងដែរថា សន្ទុះនៃការចូលរួមក្នុងវិស័យវប្បធម៌របស់យុវជន មានការចូលរួមច្រើន ដោយសារតែក្រសួងវប្បធម៌ បង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញពួកគាត់។ ពាក់ព័ន្ធនឹងការថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយ បើមើលទៅសមាគមសិល្បៈ ឃើញមានយុវជនចូលរួមច្រើន ឧទាហរណ៍សាលាតន្រ្តីបុរាណមួយ មានដល់ទៅ ១០សាខា ដែលមានយុវជនចូលរួម។

លោកស្រីបានបន្តថា មានព្រឹត្តិការណ៍សិល្បៈ ដូចជា បុណ្យភូមិ ក៏មានយុវជនចូលរួមច្រើន ខណៈការច្នៃតិដ្ឋ នៃសកម្មភាពសិល្បៈរបស់យុវជន ដែលយោងតាមប្រពៃណីវប្បធម៌ ក៏មានច្រើន៕