(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋចំនួនប្រមាណ៩០% នៅក្នុងតំបន់ ឃុំផាត់សណ្ដាយ ខេត្ដកំពង់ធំ ជាអ្នករករបរនេសាទ ដោយមួយគ្រួសារ ពឹងផ្អែកលើមួយឧបករណ៍។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ស្ថានភាពនេសាទ នៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ដែលរៀបចំដោយ ក្រសួងកសិក​ម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ការរៀបចំសន្និសីទសារព័ត៌មាននេះ​ ក្នុងគោលបំណងដើម្បីពន្យល់បន្ថែម ជុំវិញការដាក់របាំងសាច់អួន និងលបនៅក្នុងបឹងទន្លេសាប នៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ បន្ទាប់ពីមានការបង្ហោះរូបភាព នៃការដាក់របាំងសាច់អួន និងលបដ៏ញឹក ហើយរងនូវការរិះគន់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា «សំនួរយើងសួរថា តើអ្នកណាជាអ្នកដាក់ឧបករណ៍ នៅក្នុងតំបន់នេះ? តំបន់នេះ ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ហើយឃុំនេះ គឺឃុំនេសាទតែម្តង ដែលមានប្រជាពលរដ្ឋ ចំនួនប្រហែល៦ពាន់នាក់ ដែល៩០ភាគរយ នៃប្រជាពលរដ្ឋនៅទីនេះ គឺជាអ្នករករបរនេសាទ»។

បន្ថែមពីនោះទៀត លោកបានបញ្ជាក់ថា ក្រសួងបានព្យាយាមគ្រប់គ្រងទិន្នន័យ នៃឧបករណ៍ដែលប្រើប្រាស់នៅក្នុងតំបន់នេះ ដោយឃើញថា ចំនួនរបាំងមានការប្រែប្រួល រវាងខែវស្សា និងខែប្រាំង តែជារួមមួយគ្រួសារ ឬក៏ម្នាក់ មានប្រហែលជាមួយឧបករណ៍តែប៉ុណ្ណោះ។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា «បើសិនជាបងប្អូនឃើញឧបករណ៍ច្រើន គឺគ្រួសារមួយគ្រួសារ គឺពឹងផ្អែកឧបករណ៍មួយនោះឯង»។ បើតាមទិន្នន័យដែលក្រុមការងារ បានព្យាយាមប្រមូលមក គឺក្នុងមួយថ្ងៃ គ្រួសារដែលមានឧបករណ៍នេះ អាចរកបានចំណូលត្រឹមតែ៧ទៅ៨ម៉ឺនរៀល ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។

លោកបានអះអាងថា នៅក្នុងតំបន់នេះ គឺមិនមានការដាក់ឧបករណ៍ខុសច្បាប់ ក្នុងទ្រង់ទ្រាយពាណិជ្ជកម្មទេ តែអ្វីដែលមាន គឺជាការប្រើប្រាស់ឧបករណ៍ស្របច្បាប់ក្នុងទំហំតូច ត្រឹមមួយគ្រួសារមួយឧបករណ៍ ដើម្បីគ្រាន់តែបានត្រីបរិភោគ ដើម្បីបានត្រីយកទៅលក់ ដើម្បីបានជាប្រាក់ចំណូលមកទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ដើម្បីបានប្រាក់ចំណូល និងដើម្បីបញ្ជូនកូនទៅសាលារៀន តែប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ លោក ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ផាត់សណ្ដាយនេះ មិនមានដីធ្វើស្រែចម្ការ ធ្វើកសិកម្មទេ ដូច្នេះបើសិនជាមិនឲ្យគាត់ពឹងផ្អែក លើតំបន់នេះទេ គឺគាត់មិនមានប្រាក់ចំណូលទាល់តែសោះ៕