(ភ្នំពេញ)៖ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា ការដាក់របាំងសាច់អួន និងលប ក្នុងបឹងទន្លេសាប នៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ មិនខុសច្បាប់ទេ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ស្ថានភាពនេសាទ នៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ដែលរៀបចំដោយក្រសួងកសិក​ម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក ពុំ សុថា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបថា ឧបករណ៍នេសាទរបាំងសាច់អួន ដែលរួមផ្សំនិងលបនេះ គឺជាឧបករណ៍យូរហើយ តាំងពីបរមបុរាណមក [...] ឧបករណ៍នេះ មិនមែនជាឧបករណ៍ខុសច្បាប់ទេ ខ្ញុំឃើញបណ្ដាញសង្គមមួយចំនួន លោកលើកថា ជាឧបករណ៍ខុសច្បាប់ ប៉ុន្តែមិនមែនខុសច្បាប់ទេ ឧបករណ៍នេះ ប្រើយូរហើយ»។

បើតាមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ​បានឲ្យដឹងថា ឧបករណ៍របាំងសាច់អួន និងលបនេះ កើតឡើងបានច្រើន តាំងពីឆ្នាំ២០១០ ក្រោយរដ្ឋាភិបាល បានកាត់ឡូត៍នេសាទ ជូនទៅឲ្យសហគមន៍ និងធ្វើជាកន្លែងអភិរក្ស។

លោក ពុំ សុថា បានអះអាងថា របាំងសាច់អួន និងលប មិនមែនជាឧបករណ៍ខុសច្បាប់ទេ គឺអាស្រ័យលើក្រឡា បើសិនជាក្រឡាតូច គឺខុសច្បាប់ បើសិនជាក្រឡាធំ ៣សង់ទីម៉ែត្រ គឺត្រូវច្បាប់។

បើតាមប្រធានរដ្ឋបាលជលផល, ឧបករណ៍នេសាទ ដែលមានរាងដូចជាព្រួញនោះ គឺជាឧបករណ៍នេសាទស្របច្បាប់ ឲ្យតែទំហំក្រឡា និងប្រវែងរបាំងសាច់អួន ស្របតាមច្បាប់ស្តីពីជលផល។

លោកបានលើកឡើងថា រដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែធ្វើការត្រួតពិនិត្យទំហំក្រឡា នៃរបាំងសាច់អួន និងកាត់តម្រឹមប្រវែង ដែលវែងខុសច្បាប់ជាប្រចាំផងដែរ។ ទោះបីជាពេលខ្លះ ការថតអាចឃើញបង្គោលដែលនៅសល់ ប៉ុន្តែរបាំងសាច់អួនផ្នែកខាងក្រោម ត្រូវបានកាត់ផ្តាច់យកចេញរួចហើយ។

សូមជម្រាបថា ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ធ្វើការរិះគន់ ចំពោះការដាក់របាំងសាច់អួន និងលប នៅក្នុងបឹងទន្លេសាប នៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ បន្ទាប់ពីមានការបង្ហោះរូបភាព នៃការដាក់របាំងសាច់អួន និងលបដ៏ញឹក៕