(កំពង់ធំ)៖ ក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារ ឆ្នាំសិក្សា ២០២៣-២០២៤ ដែលប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានដាក់វិធានការ៩ចំណុច ដើម្បីឲ្យវិស័យអប់រំ នៅតាមសាលារៀន មានប្រសិទ្ធភាព និងគុណភាព។

លោក អ៊ុន បុត្ត បន្តថា ការអភិវឌ្ឍសង្គមកម្ពុជា ឲ្យមានសុខដុមរមនា សម្រាប់កូនចៅយើងទាំងអស់គ្នា រស់នៅក្នុងវិបុលភាព និងវឌ្ឍនភាពជារៀងរហូត។

ក្នុងអង្គសន្និបាតបានដាក់វិធានការ៩ចំណុចមាន៖
១៖ ត្រូវបង្កើនការប្រមូលកុមារពីអាយុ ៣ឆ្នាំ ដល់៥ឆ្នាំ ឲ្យបានចូលរៀន ថ្នាក់មត្តេយ្យសិក្សា ជាអតិបរមា តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន។
២៖ ត្រូវប្រមូលកុមារដែលបោះបង់ការសិក្សា ទាំងនៅបឋមសិក្សា និងមធ្យម សិក្សាបឋមភូមិ ឲ្យបានចូលរៀនឡើងវិញ ដោយបណ្តុះបណ្តាលពួកគេ ឱ្យមានជំនាញវិជ្ជាជីវៈ និងបំណិនជីវិត ដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន។
៣៖ ខិតខំជំរុញបង្កើនការងារបច្ចេកទេសបង្រៀន រៀន និងការអប់រំវិទ្យា សាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា នៅគ្រប់ភូមិសិក្សា ដើម្បីធានា គុណភាព ស្របតាមការអប់រំក្នុងតំបន់ និងសកលលោក។
៤៖ ខិតខំកែលម្អបរិស្ថានសាលារៀន ដើម្បីជាទីមេត្រីដល់កុមារទាំងអស់ បានចូលរៀននៅបឋមសិក្សា និងចូលរៀនកាន់តែច្រើនឡើងនៅមធ្យមសិក្សា តាមរយៈការសាងសង់សាលារៀន ភ្ជាប់ជាមួយនឹងបរិក្ខារសិក្សា សំណង់ ទឹកស្អាត បង្គន់អនាម័យ ធានាបាននូវ សុខុមាលភាពយ៉ាងសុខដុមរមនា ដល់ក្មួយៗសិស្សានុសិស្ស។
៥៖ ត្រូវពង្រឹង និងលើកកម្ពស់គុណភាពអប់រំ នៅគ្រប់កម្រិតសិក្សា ជាពិសេស ការបង្កើតស្តង់ជាសាលារៀនគំរូ តាមគ្រប់រូបភាព ដែលបានផ្តួចផ្តើម ដោយរាជរដ្ឋាភិបាល ព្រមទាំងការត្រួតពិនិត្យ លើការផ្តល់សេវាអប់រំ ពីសំណាក់ ផ្នែកឯកជន។
៦៖ ការអភិវឌ្ឍសមត្ថភាពគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ដើម្បី សម្រេចបាននូវគុណភាព និងភាពឆ្លើយតប តាមរយៈការអភិវឌ្ឍ ទាំង មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។
៧៖ ត្រូវបង្កើនអភិបាលកិច្ចល្អ ក្នុងការប្រើប្រាស់ថវិកាកម្មវីធីឲ្យបានសមស្រប មានតម្លាភាព និងមានប្រសិទ្ធភាព ទោះបី នៅតំបន់ជួបការលំបាកយ៉ាងណាក៏ដោយ។
៨៖ ត្រូវរួមគ្នាទប់ស្កាត់ អត្រាបោះបង់ការសិក្សា របស់សិស្ស ឲ្យមកនៅកម្រិតទាបបំផុត។
៩៖ ត្រូវបន្តការយកចិត្តទុកដាក់លើសុខភាព របស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀនជាប្រចាំ។

លោក តាន់ ប៊ុនហុង បានធ្វើរបាយការណ៍ក្នុងរយៈពេលពីរថ្ងៃនៃអង្គសន្និបាតបានលើកឡើងនូវប្រធានបទចំនួន ៩ ដោយមានជាសំណូមពរ បញ្ហាប្រឈមនិងដំណោះស្រាយ ហើយក៏មានការសំណូមពរទៅថ្នាក់ដឹកនាំដើម្បីឲ្យជួយដោះស្រាយដើម្បីឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ស្របតាមវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល និងឆ្ពោះទៅស្តង់ដាសាលារៀនគំរូ។

ក្នុងនោះដែរគណៈអធិបតីបានប្រគល់ប័ណ្ណសរសើរ ដល់លោកគ្រូអ្នកគ្រូដែលមានស្នាដៃល្អ ក្នុងការបង្រៀននិងរៀនតាមសាលារៀនផងដែរ៕