(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោកស្រី Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃសហព័ន្ធអាល្លឺម៉ង់ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួបនេះ លោកស្រី Martina Stamm-Fibich បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឲ្យរូបលោកស្រី និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកស្រីប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូ នាឱកាសនេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យសុខាភិបាល ដោយសារតែវិស័យ ទាំងពីរនេះ មានសារៈសំខាន់ ក្នុងការបម្រើដល់សេចក្តីត្រូវការចំបាច់របស់ប្រជាពលរដ្ឋ និងផ្តល់នូវផលប្រយោជន៍ទៅវិញទៅមក ដល់ប្រទេសទាំងពីរ។ ជាក់ស្តែង បច្ចុប្បន្ននេះ សហព័ន្ធអាល្លឺម៉ង់ ក៏កំពុងជួបប្រទះនូវកង្វះខាតធនធានមនុស្សបម្រើការក្នុងវិស័យសុខាភិបាល និងកម្មករជំនាញផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ ចំពោះលោកស្រីប្រធានគណៈកម្មាធិការ និងនិងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ និងបានបញ្ជាក់អំពីចំណងនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាល្លឺម៉ង់ ដែលមានរយៈពេលជាង៥ទសវត្សរ៍ ហើយឆ្នាំនេះគឺជាឆ្នាំទី៥៧ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្ដែងនូវកាអរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនអាល្លឺម៉ង់ ដែលបានចូលរួមចំណែកនៅក្នុងការកសាងប្រទេសកម្ពុជា ជាពិសេសក្រោយពីសង្គ្រាម ដែលផ្ដោតទៅលើវិស័យអប់រំ ការកសាងធនធានមនុស្ស ក៏ដូចជាលទ្ធិប្រជាធិបតេយ្យផងដែរ។

សម្តេចធិបតី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូនាឱកាសនេះ ក៏បានបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងនៅក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ហើយសម្តេចធិបតីសង្ឃឹមថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ នឹងបន្តការពង្រឹង និងពង្រីកបន្ថែមទៀត។

ឆ្លើយតនឹងបំណងរបស់លោកស្រី ក្នុងការជំរុញការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ លើវិស័យអប់រំ និងការណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាវិស័យសុខាភិបាល សម្តេចធិបតីបានស្វាគមន៍ និងបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ដោយផ្អែកលើធនធានមនុស្ស ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តខ្លាំងក្នុងការពង្រឹងវិស័យសុខាភិបាល និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះវាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឲ្យស្ថាប័នជំនាញពាក់ព័ន្ធ នៃប្រទេសទាំងពីរបន្តពិភាក្សា និងសហការគ្នា ក្នុងការរៀបចំជាយន្តការ និងផែនការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទាំងពីរ។

ជាទីបញ្ចប់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជូនពរ លោកស្រី Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ និងគណៈប្រតិភូ ឲ្យទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕