(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានសហការជាមួយក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា និងអង្គការ GROW ASIA

រៀបចំកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីកសិកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹង និងការយល់ដឹងពីកសិកម្មកកើតឡើងវិញ ដែលជាផ្លូវមួយឆ្ពោះទៅរកកសិកម្មស្តង់ដារកាបូនទាប និងនិរន្តភាព។

កិច្ចប្រជុំនេះ បានរៀបចំឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកស្រី ភាណ សោភ័ណ នាយិការអង្គារអុកស្វាម ភាគីពាក់ព័ន្ធ និងសហគមន៍កសិករ។

កិច្ចប្រជុំនេះ មានគោលបំណងប្រមូលផ្ដុំភាគីសំខាន់ៗពីវិស័យកសិកម្ម ដើម្បីពិភាក្សា និងជំរុញការទទួលយកការអនុវត្តកសិកម្មបុនភាវកម្ម (កសិកម្មកកើតឡើងវិញ) ឆ្ពោះទៅរកស្តង់ដាកាបូនទាប ដែលជាការស្ថិតលើទិសដៅដ៏ត្រឹមត្រូវ ឆ្ពោះទៅការលើកកម្ពស់ ការអនុវត្តកសិកម្មប្រកបដោយ និរន្តរភាព និងមានសក្តានុពល ដើម្បីបង្កើតលទ្ធផលជាវិជ្ជមានដល់កសិករខ្នាតតូច និងបរិស្ថាន។

កិច្ចប្រជុំនេះនឹងផ្តល់ឱកាសដល់ភាគីសំខាន់ៗ ដើម្បីជជែកពិភាក្សាពីវិធីសាស្ត្រ យុទ្ធសាស្ត្រ និងដំណើរការនៃការកំណត់ បច្ចេកវិទ្យា និងការ ច្នៃប្រឌិតកសិកម្មផ្សេងៗ ដើម្បីពង្រឹងសុខភាព ការគ្រប់គ្រងទឹក កសិកម្មកាបូន កាត់បន្ថយការបំភាយឧស្ម័នផ្ទះ កញ្ចក់ ការគិតគូរពីសង្គមនិងសេដ្ឋកិច្ច និងការផ្សារភ្ជាប់ជាមួយសហគមន៍នៅក្នុងប្រទេសកម្ពុជា។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា កិច្ចប្រជុំឆ្នាំនេះមានលក្ខណៈពិសេស ជាងបណ្តាឆ្នាំកន្លងមក ដោយផ្តោតទៅលើ បម្រែបម្រួលអាកាសធាតុ ដោយកំណត់យក ប្រធានបទ  «ការអនុវត្តកសិកម្មកកើតឡើងវិញឆ្ពោះទៅធ្វើឱ្យកសិកម្មបញ្ចេញកាបូនទាប» ដែលមានគោលបំណង ផ្តល់នូវការយល់ដឹងនៃកសិកម្មកកើតឡើងវិញ ដើម្បីធ្វើឱ្យការងារកសិកម្ម រួមទាំងការដាំដុះស្រូវ មានភាពធន់ និងប្រកបដោយនិរន្តរភាព ដែលជាគោលដៅនៃការចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនិកចាប់ពីឆ្នាំ ២០៣០។ កិច្ចប្រជុំថ្ងៃនេះក៏រំពឹងទុកផងដែរ នូវការបង្កើនចំណេះដឹងដល់សហគមន៍ និងភាគីពាក់ព័ន្ធអំពីគោលដៅនៃការអនុវត្តន៍ស្តង់ដាបច្ចេកទេសកសិកម្មកកើតឡើងវិញ កសិកម្មដំណាំស្រូវនិរន្តរភាព ដែលជាគន្លឹះនៃការអភិវឌ្ឍន៍កសិកម្មជាពិសេសស្រូវអង្ករឱ្យមានភាពធន់ និរន្តរភាព និងបរិយាបន្ន តាមរយៈនៃគោលការណ៍ធ្វើឱ្យការបញ្ចេញឧស្ម័នកាបូនិកទាប និងការទាញយកអត្ថប្រយោជន៍ផ្សេងៗអំពីគំនិតផ្តួចផ្តើមថ្មីៗលើពិភពលោក  ដូចជាមូលនិធិ និងហិរញ្ញប្បទានបៃតងជាដើម។

លោកបន្ថែមថា តាមរយៈកិច្ចប្រជុំកំពូលលើកទី០៤ នេះមិនត្រឹមតែផ្តល់ចំណេះដឹងផ្នែកការអនុវត្ត លើកម្មវិធីស្តង់ដាដំណាំស្រូវនិរន្តរភាព ស្តង់ដាស្រូវកសិកម្មកកើតឡើងវិញ ស្តង់ដាស្រូវសរីរាង្គប៉ុណ្ណោះទេ តែក៏ជាកម្មវិធីមួយដែលផ្តល់ឱ្យភាគីពាក់ព័ន្ធទាំងអស់ បានបង្កើតទំនាក់ទំនងកាន់តែល្អប្រសើរ ចែករំលែកគ្នានូវចំណេះដឹង និង ការទទួលបាននូវព័ត៌មានថ្មីស្តីអំពីបច្ចេកវិទ្យា ឥណទាន និង គំនិតផ្តួចផ្តើមថ្មីៗលើវិស័យកសិកម្ម។ កម្មវិធីថ្ងៃនេះក៏ជួយបង្ហាញប្រាប់ដល់ពិភពលោកថាកសិកម្មកម្ពុជាកំពុងស្ថិតលើដំណើរផ្លូវឆ្ពោះទៅរក ការអនុវត្តតាមស្តង់ដាអន្តរជាតិនានា  ក្នុងការចូលរួមសង្គ្រោះផែនដី ក៏ដូចជាយន្តការនៃការពង្រីកមុខមាត់សំរាប់ផ្នែកទីផ្សារអង្ករកម្ពុជាផងដែរ។

ប្រធានសហព័ន្ធស្រូវអង្ករបានលើកឡើងទៀតថា ប្រទេសកម្ពុជា ជាប្រទេសមួយប្រកបដោយអំណោយផលនៃធម្មជាតិជាច្រើនទាំងសណ្ឋានដី អាកាសធាតុ តែដោយសារសង្គ្រោម បានធ្វើឱ្យកសិករកម្ពុជាចំនួន ជាង២៨% ឬប្រហាក់ប្រហែល១.០៩លានគ្រួសារ មានដីស្រែតិចជាង ១ហិកតា និង កសិករចំនួន១១% ជាង ៤សែន៥ម៉ឺនគ្រួសារធ្វើស្រែដោយការជួលដី។ កសិករទាំងពីរប្រភេទនេះជាប្រភេទកសិករដែលងាយរងគ្រោះជាងគេព្រោះថ្លៃដើមផលិតខ្ពស់ ដែលមិនអាចផលិតស្រូវប្រភេទធម្មតាយកបរិមាណបានទេ មានតែការជម្រុញនៃការផលិតដោយផ្តោតយកគុណភាព គុណតម្លៃ ដែលអាចផ្តល់តម្លៃបន្ថែម លើការលក់កសិផលរបស់ខ្លួន។ កម្មវិធីស្តង់ដាដំណាំស្រូវនិរន្តរភាព ស្តង់ដាស្រូវសរីរាង្គ ស្តង់ដាស្រូវកសិកម្មកកើតឡើងវិញ គឺជាយន្តការមួយនៃការធ្វើឱ្យមានតម្លៃបន្ថែមដល់កសិករ ជាពិសេសកសិករខ្នាតតូច និងកសិករដែលអាស្រ័យលើការជួលដីបន្ត។

ការជំរុញឱ្យមានការអនុវត្តន៍ស្តង់ដាកសិកម្មនិរន្តរភាព កសិកម្មកកើតឡើងវិញ ជាផ្នែកមួយយ៉ាងសំខាន់នៃការធ្វើទីផ្សារអង្ករកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត លើបច្ចុប្បន្នភាពនៃកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ដែលធ្លាប់ទទួលបានពានរង្វាន់អង្ករល្អបំផុត លើពិភពលោកចំនួន ៥ដង នាឆ្នាំ២០១២ ២០១៣ ២០១៤ ២០១៨ និង ២០២២ សម្រាប់ពូជស្រូវ ផ្ការំដួល និង ពានរង្វាន់មាសចិនអាស៊ាន ឆ្នាំ២០២៣ សម្រាប់អង្ករពូជស្រូវសែនក្រអូប០១។

កម្មវិធីទាំងនេះ គឺជាកូនសោរគន្លឹះមួយយ៉ាងសំខាន់នៃការសម្រេចផែនការនាំចេញអង្ករកម្ពុជា ឱ្យបាន ១លានតោនក្នុងឆ្នាំ២០២៥ និងធ្វើឱ្យបរិយាកាសធុរកិច្ចវិស័យស្រូវអង្ករ ឱ្យល្អប្រសើរប្រកបដោយប្រាក់ចំណេញ ភាពធន់ និងបរិយាប័ន្ន៕