(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូរាជរដ្ឋាភិបាល បានថ្លែងឲ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញលោក អានវ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី មកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត។ ឆ្លើយតបនិងការអញ្ជើញនេះ លោក អានវ៉ា អ៉ីប្រាហ៊ីម បានឲ្យដឹងថា លោកនឹងពិនិត្យមើលលទ្ធភាពឲ្យសមស្របនិងពេលវេលា ប៉ុន្តែនៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៅឡើយទេ។

ការថ្លែងរបស់លោក តាន់ ហ្សង់ហ្រ្វង់ស័រ បែបនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការបង្ហាញលទ្ធផល ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី នារាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែយ៉ាងដូច្នេះថា៖ «ទស្សនកិច្ចពេញមួយថ្ងៃនេះរបស់សម្ដេចធីបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងបរិបទពិសេស គឺបរិបទនៃការសម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្រ្តីថ្មី នៃព្រះរាជាណាចក្រកម្ពុជា តាំងពីខែសីហា ឆ្នាំ២០២៣។ ក្រោយពីក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធីបតី បានអញ្ជើញទៅបំពេញទស្សនកិច្ចជាបន្តបន្ទាប់ ដូចជានៅប្រទេសចិន វៀតណាម បារាំង នៅប្រទេសថៃ និងថ្ងៃនេះទី២៧ កុម្ភៈ នៅប្រទេសម៉ាឡេស៊ី។ ទាំងអស់នេះសុទ្ធតែទស្សនកិច្ចដែលប្រព្រឹត្តិទៅក្នុងបរិបទពិសេស ពីព្រោះក្នុងនាមជានាយករដ្ឋមន្រ្តីថ្មី សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវទៅបំពេញទស្សនកិច្ច ហើយត្រូវបញ្ជាក់ប្រាប់សមភាគីរបស់សម្ដេចថា កម្ពុជាចង់បន្តពង្រឹងទំនាក់ទំនងទ្វេភាគី រវាងគ្នា និងគ្នា ជាមួយបណ្ដាប្រទេសនីមួយៗ។ ព្រឹកមិញនេះនាឱកាសចរចា ជាមួយ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម សម្ដេចធិបតីបានអញ្ជើញជាផ្លូវការ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម ឲ្យអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសម្ពុជា។ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម បានបញ្ជាក់ថា នឹងពិនិត្យមើលលទ្ធភាពឲ្យសមស្របនិង ពេលវេលា ប៉ុន្តែនៅមិនទាន់បញ្ជាក់អំពីការបរិច្ឆេទនៅឡើយទេ»

សូមបញ្ជាក់ផងដែរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ក្នុងប្រទេសម៉ាឡេស៊ី រយៈពេលពេញមួយថ្ងៃ ស្របតាមការអញ្ជើញរបស់ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម និងបានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញនៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំដដែល៕