(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការទី១០ នៃព្រឹទ្ធសភា និងលោក គង់ សោភ័ណ្ឌ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលខេត្តកណ្តាល។

ថ្លែងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គពិធីនាឱកាសនោះ លោក គង់ សោភ័ណ្ឌ បានសម្តែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងមក និងបានផ្តល់ការគាំទ្រយ៉ាងធំធេង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈក្នុងរយៈពេល ៤៥ឆ្នាំកន្លងមក ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញ បំពេញបេសកកម្មបម្រើប្រទេសជាតិប្រកបដោយជោគជ័យ។

លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាស្នូលដឹកនាំ និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់គណបក្ស និងប្រជាជនកម្ពុជា បានដឹកនាំប្រទេសតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ បន្តអនុវត្តនយោបាយឈ្មះ-ឈ្មះ រហូតទទួលបានសន្តិភាព និងឯកភាពទឹកដីពេញលេញ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាស នៃការថ្លែងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រធានក្រុមបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ ទី៣ ក្នុងនាមក្រុមបេក្ខជនសមាជិកព្រឹទ្ធសភាទាំងអស់ ជាពិសេសក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនលំដាប់លេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះ អាជ្ញាធរខេត្តកណ្តាលគ្រប់លំដាប់ថ្នាក់ ក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ដែលបានផ្តល់នូវកិច្ចសហការ និងចូលរួមរៀបចំឱ្យដំណើរការ នៃការចុះឃោសនារកសំឡេងឆ្នោតរបស់ក្រុមបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅតាមបណ្តាក្រុង/ស្រុកទាំង១៣ និងឃុំ-សង្កាត់ទាំង១២៧ ក្នុងមណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ ស្របតាមច្បាប់ បញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការឃោសនាបោះឆ្នោត ហើយសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ។

ជាមួយគ្នានោះដែរ លោក ម៉ម ប៊ុននាង បានអញ្ជើញអ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងទាំងអស់ ឱ្យទៅបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ និងមានលេខរៀងទី១ នៃសន្លឹកឆ្នោតផ្លូវការ ដើម្បីបង្រួបបង្រួមកម្លាំងជាតិ ពីគ្រប់និន្នាការនយោបាយទាំងអស់ ឱ្យកាន់តែមានភាពរឹងមាំ ខ្លាំងក្លា ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារភាពសុខសាន្តរបស់ប្រជាជន ការពាររបបរាជានិយម ការពារលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងបន្តពង្រឹងការអភិវឌ្ឍប្រទេសជាតិឱ្យស្ថិតស្ថេរយូរអង្វែងតរៀងទៅ។

ពិធីនេះមានការចូលរួមដោយសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជានៅខេត្តកណ្តាល សរុបចំនួន ២០១៩ នាក់ រួមមាន៖ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, គណៈកម្មាធិការគណបក្សខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត, ប្រធាន អនុប្រធាន សាខាបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត, ប្រធាន-អនុប្រធាន ក្រុមការងារយុវជន និងស្ត្រីខេត្ត,ប្រធាន-អនុប្រធានប្រចាំការគណបក្សក្រុង ស្រុក, គណៈកម្មាធិការគណបក្សក្រុងតាខ្មៅ, សមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងតាខ្មៅ, ប្រធានគណបក្សឃុំ សង្កាត់ ទូទាំងខេត្ត, សមាជិកក្រុមប្រឹក្សា, សមាជិក សមាជិកាបក្ស សង្កាត់ទាំង១០ របស់ក្រុងតាខ្មៅ។

អង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់របស់គណបក្សប្រជាជនកម្ពុជាទូទាំងខេត្ត បានត្រៀមលក្ខណៈរួចរាល់ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ដោយចាត់ទុកជាកាតព្វកិច្ច និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចនូវបំណងប្រាថ្នាដ៏ពិសិទ្ធក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ពិធីបិទយុទ្ធនាការ បានប្រព្រឹត្តទៅក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាពល្អប្រសើរ ជាមួយឆន្ទៈប្តេជ្ញាខ្ពស់របស់អង្គបោះឆ្នោតគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ឱ្យសម្រេចបាន ៤/៥អាសនៈ ស្របតាមសេចក្តីសម្រេចនៃផែនការរួមរបស់គណៈកម្មាធិការកណ្តាល និងខិតខំបង្កើនប្រៀបកម្លាំងគាំទ្រ ឱ្យទទួលបាន១អាសនៈបន្ថែមទៀតគឺ ៥/៥អាសនៈ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រយៈពេល១៤ថ្ងៃ បានបញ្ចប់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ការបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិភាគទាំង៨ ដោយមានអង្គបោះឆ្នោតសរុបជាង១ម៉ឺននាក់ ដែលជាសមាជិកក្រុមប្រឹក្សាសឃុំសង្កាត់ និងសមាជិករដ្ឋសភា៕