(ភ្នំពេញ)៖ គណៈសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះ បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

គណៈសង្ឃនាយកទាំងពីរគណៈ បានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាលគួរឲ្យព្រួយបារម្ភ ទាំងក្នុងតំបន់ និងលើពិភពលោករួមទាំងកម្ពុជាផងដែរ។ ដូចនេះដើម្បីរក្សាបាននូវគុណតម្លៃប្រកបដោយចំណេះដឹង សេចក្ដីថ្លៃថ្នូរក្នុងសង្គមជាតិ នៃទីអារាមក្នុងព្រះពុទ្ធសាសនា និងចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់តម្លៃសីលធម៌សង្គម និងជាប្រទេសជាតិមួយ ដែលមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

គណៈសង្ឃនាយកទាំងពីរគណៈ សូមអំពាវនាវដល់ព្រះសង្ឃ គណៈកម្មការ អាចារ្យ ពុទ្ធបរិស័ទ លោកគូ្រអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រមទាំងអាណាព្យាបាលគ្រប់រូបជួយអប់រំបណ្តុះស្មារតី និងផ្សព្វផ្សាយអំពីផលប៉ះពាល់ហើយចៀសឱ្យឆ្ងាយពីគ្រឿងញៀនចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

អាស្រ័យហេតុនេះ គណៈសង្ឃនាយកទាំងពីរគណៈ សូមពិតព្រះថេរដីកាប្រគេន និងចម្រើនពរអំពាវនាវចំពោះ សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ គណៈកម្មការ អាចារ្យ ព្រមទាំងពុទ្ធបរិស័ទ ជួយអប់រំបណ្តុះស្មារតី និងផ្សព្វផ្សាយនៅតាមបណ្តាវត្តអារាមទូទាំងរាជធានីខេត្តឱ្យបានយល់ដឹងកាន់តែទូលំទូលាយ៕