(កំពង់ធំ)៖ ដោយទទួលបានការប្រគល់ភារកិច្ចពីលោក ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ, និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក, លោក វ៉ាត់ ចំរើន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅស្រុកតាំងគោក ខេត្តកំពង់ធំ។

ពិធីនេះក៏មានការចូលរួមពី លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក លោកប្រធានគណបក្សស្រុកតាំងគោក, ក្រុមការងារគណបក្សថ្នាក់ស្រុក ថ្នាក់ឃុំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកតាំងគោកជាច្រើនរូបទៀត។

នាឱកាសនោះ លោក វ៉ាត់ ចំរើន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករឭកពីសម្តេចប្រមុខទាំង៣ គឺ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់នៅស្រុកតាំងគោក។

លោក វ៉ាត់ ចំរើន បានបន្ថែមថា វត្តមានរបស់សមាជិក សមាជិកាគណបក្សប្រជាជននាពេលនេះបានបញ្ជាក់ច្បាស់អំពីស្មារតីយកចិត្តទុកដាក់ សាមគ្គីឯកភាពផ្ទៃក្នុងគណបក្ស តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម រក្សាខ្ជាប់ខ្ជួននូវប្រពៃណីថ្លៃថ្លានៃដំណើរការលើកកម្ពស់ប្រជាប្រិយភាព និងកិត្យានុភាពរបស់គណបក្ស ក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ច។

លោកបានបន្ថែមថា ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងឈរឈ្មោះជាបេក្ខភាព ប្រធានព្រឹទ្ធសភា។ ដូច្នេះយើងទាំងអស់គ្នាជាមន្រ្តីគណបក្សប្រជាជនកម្ពុជា ពិសេសសមាជិកក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត ត្រូវខិតខំដណ្តើមប្រៀបឈ្នះជូនគណបក្សប្រជាជនកម្ពុជា និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី១ នៅលើសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា។

បើតាមលោក វ៉ាត់ ចំរើន សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដើម្បីធានាការពារសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម លើកកម្ពស់សុខមាលភាព ជីវភាពរស់នៅរបស់ប្រជាជន ផ្តល់សេវាសាធារណៈឲ្យខិតជិតប្រជាជន បង្កើនកិច្ចគាំពារសង្គមជូនជនក្រីក្រ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបគ្រប់មូលដ្ឋាន។

នាឱកាសនោះដែរ លោក វ៉ាត់ ចំរើន ក៏បានជម្រុញឱ្យសមាជិក សមាជិកាក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត ថែរក្សាសុខភាពឲ្យបានល្អ និងទុកដាក់អត្តសញ្ញាណបណ្ណសម្រាប់បោះឆ្នោតឲ្យបានល្អ ហើយនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ សូមសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតនៅស្រុកតាំងគោក អញ្ជើញទៅបោះឆ្នោតនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ដែរថា បើតាមការជូនដំណឹងជាប្រចាំថ្ងៃរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ៣៣ ចំណុះឲ្យភូមិភាគទាំង៨។ ដើម្បីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សូមចូលតាមតំណភ្ជាប់ www.nec.gov.kh/khmer/content/7450៕