(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជាច្រើននាក់ បានទស្សនកិច្ចសិក្សា នៅវិមានរដ្ឋសភា ដើម្បីសិក្សាស្វែងពីការងារនៅរដ្ឋសភា ដែលជាស្ថាប័នកំពូលមួយរបស់ជាតិ។ ទស្សនកិច្ចនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ។

លោកបណ្ឌិត កែវ ជា តំណាងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានលើកឡើងពីប្រវត្តិសាកល​វិទ្យាល័យដែលមានឈ្មោះដើមថា «វិទ្យាស្ថាន ឯកទេស នៃកម្ពុជា» ត្រូវបានបង្កើតឡើងនៅ​ឆ្នាំ២០០២ និងបានពង្រឹង និងពង្រីកខ្លួនទៅជា «សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា» ​នៅឆ្នាំ២០០៤។

ដោយទទួលបានភាពជោគជ័យដ៏ត្រចះត្រង់នៃការកសាងមូលធនមនុស្សជាង២០ឆ្នាំមកនេះ បច្ចុប្បន្ន​សាកល​វិទ្យាល័យ មាន២ទីតាំង នៅរាជធានីភ្នំពេញ និងមានសាខាចំនួន៦ ស្ថិតនៅទីរួមខេត្ត​កំពង់​ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងទីរួមខេត្តកំពត ដែលមានគណៈគ្រប់គ្រង បុគ្គលិក-សាស្រ្តាចារ្យ ចំនួន ១,១៨៦នាក់ (នារី ១៧៧នាក់)បាននឹងកំពុងធ្វើការបណ្តុះបណ្តាល​នៅ​ក្នុងមហាវិទ្យាល័យចំនួន៥ គឺ១) មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ២) មហាវិទ្យា​ល័យ​វិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ, ៣) មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, ៤)មហា​វិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និង៥) មហាវិទ្យាល័យវិស្វកម្ម។

សាកលវិទ្យាល័យ មានការបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មាននិស្សិតកំពុងសិក្សាសរុបចំនួន ៤០,៤៥៨អង្គ/នាក់ ព្រមទាំងមាន​ជ័យ​លាភីដែលត្រូវទទួលសញ្ញាបត្របញ្ចប់ការសិក្សាមានចំនួន ៨លើករួចហើយ។ បើគិតពី​២០០៣​-២០០​៤ ដល់ឆ្នាំសិក្សា២០២១-២០២៣ និស្សិតគ្រប់កម្រិត បានបញ្ចប់ការសិក្សាដោយជោគជ័យ​ពីសាកល​វិទ្យាល័យឯកទេសនៃកម្ពុជាសរុបចំនួន ៥០,៣៤៦នាក់ (នារី១៦,៧៥៨នាក់ស្មើ ៣៣.២៨ភាគរយ)។ ទន្ទឹមនឹងនេះ មាននិស្សិតកំពុងសិក្សាគ្រប់កម្រិត គ្រប់ទីតាំង និងសាខាសរុបចំនួន ១១,៧៤៧ នាក់ (នារី ៥,៧៨៨នាក់ ស្មើ៤៩.២៧%) និងបានរួមចំណែកយ៉ាងសកម្មជាមួយ​សាកលវិទ្យាល័យ​ក្នុង​ការចូលរួមសកម្មភាពសង្គមផ្សេងៗផងដែរ រួមមានសកម្មភាពយុវជនរបស់ស.ស.យ.ក សកម្មភាព​យុវជនកាយឫទ្ធិកម្ពុជា និងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា។

បើតាមលោកបណ្ឌិត ដើម្បីពង្រឹងជំនាញ បណ្តុះគំនិតសហគ្រិន ភាពដល់និស្សិត សាកលវិទ្យាល័យ តែងបានអញ្ជើញអ្នកជំនាញតាមវិស័យការងារ ដែលមានបទពិសោធន៍ច្រើនមកធ្វើបាឋកថា សន្និសីទ សិក្ខាសាលា ជូនដល់និស្សិតជាប្រចាំ និងក៏បានបញ្ជូននិសិ្សតចុះកម្មសិក្សាដល់ការដ្ឋានការងារ​ជាក់​ស្តែង​តាមកម្មវីធីជាក់លាក់។ សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សរណៈ​យោគ​យល់​ជាមួយ​សាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន ៥៦ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៊ីស្រាអែលជាដើម ព្រមទាំងបានចូលរួមវេទិកា និងសន្និសីទធំៗទាំងនៅក្នុងតំបន់ និងអន្តរជាតិ។

ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការ ធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើ សាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័ននានាក្នុងស្រុក ចំនួន ៥៤៣ នៅទូទាំងប្រទេស ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ តាម​គម្រោង​អភិវឌ្ឍន៍ នៅទីតាំងគោលរាជធានីភ្នំពេញ នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង​មាំយូរ​អង្វែង​របស់ខ្លួនព្រមទាំងការអភិវឌ្ឍផ្សេងៗទៀត លើផ្ទៃដីដែលបានបម្រុង​ទុកជាង ១០ហិតានៅក្នុង​សង្កាត់​កាកាប២ ខណ្ឌពោធិ៍សែនជ័យ និង២៥ហិតាទៀតស្ថិតនៅសង្កាត់ឪឡោក ខណ្ឌកំបូល ឱ្យបានមុនឆ្នាំ​២០២៧ នាខួប២៥ឆ្នាំ រីឯសាខាដទៃទៀតក៏នឹងអភិវឌ្ឍន៍បន្ថែមជាបន្តបន្ទាប់នៅលើផ្ទៃដី ដែល​បាន​បម្រុង​ទុករួចហើយ។