(ភ្នំពេញ)៖ គម្រោងដែលលេចធ្លោ ក្នុងការអភិវឌ្ឍកសិកម្មខ្នាតតូចនៅកម្ពុជា ដោយផ្តល់ការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់សិទ្ធស្រ្តី បានឈ្នះពានរង្វាន់ឆ្នើមជាសកលផ្នែកយេនឌ័រ នៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD Gender Award) ដ៏ល្បីល្បាញ តំណាងឱ្យតំបន់អាស៊ីនិងប៉ាស៊ីហ្វិក តាមរយៈដំណើរការជ្រើសរើស ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ក្នុងចំណោមគម្រោងដទៃមកពី ១៧៧ ប្រទេសជុំវិញពិភពលោក។

គម្រោងហិរញ្ញប្បទានបន្ថែមសម្រាប់កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD-AF) នេះបានឈ្នះពានរង្វាន់ដោយសារ ការប្តេជ្ញាចិត្តផ្អែកលើលទ្ធផលយ៉ាងខ្លាំង លើសមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីជនបទក្នុងវិស័យកសិកម្ម និង ការលើកកម្ពស់ជីវភាព និងលទ្ធភាពទទួលបានហិរញ្ញប្បទាន នៅក្នុងខេត្តគោលដៅចំនួនប្រាំពីររបស់ខ្លួន ក្នុងតំបន់ទន្លេសាបនៃ ប្រទេសកម្ពុជា។

គម្រោងនេះ អនុវត្តដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS) នៃក្រសួងមហាផ្ទៃ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពី ឆ្នាំ២០១៨ មក។

ក្រោមសហហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង IFAD គម្រោង TSSD-AF នេះបានជំរុញឲ្យមានតំណាងស្ត្រីដល់ទៅ ៦0% នៅក្នុងគណៈកម្មការគ្រប់គ្រងនៅទូទាំង ឃុំគោលដៅចំនួន២៧០របស់ខ្លួន ធ្វើឲ្យធនធានកសិកម្មរបស់កម្ពុជា មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ និងអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាពរយៈពេលវែងក្នុងខេត្តគោលដៅ។ តាមរយៈសកម្មភាពទាំងនេះវាបានផ្តល់អត្ថប្រយោជន៍ដល់គ្រួសារចំនួន៦៥០.០០០ ជាពិសេសកសិករខ្នាតតូច ដែលធ្លាក់ក្នុងភាពក្រីក្រជាយូរមកហើយ។

លោក នី គឹមសាន អនុប្រធាន NCDDS និងជាប្រធានគម្រោង TSSD-AF លោកស្រី ម៉ន លក្ខិណា នាយិកាក្រុមប្រឹក្សាភិបាលនៃសមាគមកែលម្អជីវភាពកសិករ (ដែលបង្កើតឡើងក្រោមការអនុវត្ត គម្រោង) និង លោកស្រី លឹម សេរីរ័ត្ន ទីប្រឹក្សាយេនឌ័រ បានធ្វើជាតំណាងនៃគម្រោងទៅទទួល ពានរង្វាន់ ខាងលើនៅក្នុងពិធីប្រគល់រង្វាន់ផ្លូវការកាលពីថ្ងៃទី ១៤-១៥ ខែកុម្ភៈ នៅទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី។

លោកស្រី ម៉ន លក្ខិណា បានថ្លែងថា «វាជាកិត្តិយសណាស់សម្រាប់ខ្ញុំដែលបានចូលរួម តំណាង ឱ្យស្ត្រីដែលជាអ្នកទទួលផលនៃគម្រោង ដើម្បីទៅទទួលពានរង្វាន់។ ពួកគាត់កំពុងរីករាយជាមួយនឹងជីវភាព រស់នៅដែលប្រើសើជាងមុន មានលទ្ធភាពបញ្ជូនកូនៗឲ្យរៀនបានខ្ពស់ ព្រមទាំងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែម។ ក្នុងនាមជាអ្នកទទួលផលម្នាក់ពីគម្រោង និងក្នុងនាមជាខ្មែរម្នាក់ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះពានរង្វាន់ដែលទទួលបាននេះ»

គម្រោង TSSD-AF នេះបានអនុវត្តបន្តពីគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD) ដែលជាជំហានទីមួយ។ គម្រោង TSSD-AF មានថវិកាសរុប ៦៦ លានដុល្លារ ដែលក្នុងនោះមានសហហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា ៦ លានដុល្លារ ពី ADB ៥០ លានដុល្លារ និង ពី IFAD ១០ លានដុល្លារ។

លោក នី គឹមសាន បានថ្លែងថា «គម្រោង TSSD-AF របស់យើងឆ្លើយតបទៅ នឹង យុទ្ធសាស្ត្រចតុកោណ និង យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពខ្ពស់ ក្នុងការកាត់បន្ថយ ភាពក្រីក្រប្រកបដោយបរិយាបន្ន និរន្តរភាព និងភាពធន់។ គម្រោងទាំងមូល ផ្តល់ អាទិភាពធំធេងលើការរួមបញ្ចូលស្ត្រី ជាពិសេសកសិករខ្នាតតូចស្ថិតក្នុងភាពក្រីក្រ ព្រមទាំងលើកកម្ពស់ ផលិតភាពនិងពិពិធកម្មកសិកម្ម ក៏ដូចជាលទ្ធភាពទទួលបានទីផ្សារក្នុងតំបន់គោលដៅរបស់គម្រោង។ វាធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់បានប្រសើរ និងមានចំណូលកាន់តែខ្ពស់»

អនុវត្តរហូតដល់ ខែកក្កដា ឆ្នាំ ២០២៤ គម្រោង TSSD-AF គ្របដណ្តប់ជាពិសេសលើខេត្តក្នុងតំបន់ទន្លេសាប ដែលក្នុងនោះខេត្តគោលដៅរបស់គម្រោងរួមមាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងព្រៃវែង៕