(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សាតាមដាន វាយតម្លៃ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយទេសចរណ៍។

កិច្ចពិភាក្សាតាមដាននះគឺដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដើម្បីឈានទៅសម្រេចឱ្យបាននូវផែនការសកម្មភាពឆ្នាំ២០២៤ និងការងារសំខាន់ៗចំពោះមុខរបស់ក្រសួងទេសចរណ៍ ដូចជា យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤, វឌ្ឍនភាពការងាររៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប, ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤, ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤ ព្រមទាំងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗនាពេលខាងមុខនេះ។

លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដឹកនាំ ចង្អុលបង្ហាញ និងបន្តជំរុញវឌ្ឍនភាពការងារ ជាពិសេសបន្តជំរុញការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកម្មវិធីទាំងនោះ៕