(សៀមរាប)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ភាគីពាក់ពន្ធទាំងអស់ ទាំងអាជ្ញាធរដែនដី ទាំងវិស័យឯកជន ដៃគូអភិវឌ្ឍនិងអនុវត្ត កងកម្លាំងប្រដាប់អាវុធ ប្រជាសហគមន៍ ត្រូវបន្ដស្រាក់ដៃគ្នាចូលរួមលុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ខាងមុខនេះ។

ការថ្លែងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។សន្និតបាតខាងលើនេះបានប្រារព្វធ្វើឡើងរយៈពេល៣ថ្ងៃទី២១-២៣ខែកុម្ភៈ នាសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

លោកវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងថា «កម្ពុជា នឹងត្រូវលុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ដូច្នេះយើងត្រូវសហការស្រាក់ដៃគ្នាទាំងសុខាភិបាល ទាំងផ្នែកពាក់ព័ន្ធ ទាំងអាជ្ញាធរដែនដី វិសយឯកជន ដៃគូរអភិវឌ្ឍនិងអនុវត្ត កងកម្លាំងប្រដាប់អាវុធ ប្រជាសហគមន៍។ ហើយអ្វីដែលសំខាន់នោះ គឺយើងត្រូវមានការតាំងចិត្ត ដើម្បីបានសម្រេចជោគជ័យ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់, ត្រូវមានការចូលរួម គ្រប់ផ្នែកពាក់ពន្ធទាំងអស់ និងបន្តពង្រីកនិងពង្រឹងការទំនាក់ទំនង និងកិច្ចសហការ ជាកត្តាដ៏សំខាន់ចាំបាច់ ផងដែរ»។

លោកស្រីបានបន្តថា សម្រាប់ជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនឈីក និងជំងឺដង្កូវព្រូន ក៏នៅតែជាបញ្ហាប្រឈមរបស់កម្ពុជាយើង នាពេលបច្ចុប្បន្ន ផងដែរ។ បញ្ហាប្រឈមទាំងនេះ តម្រូវឲ្យយើងបន្តការប្រឹងប្រឹងបន្តទៀត តែបើប្រៀបធៀបនិងប្រទេសជិតខាងមួយចំនួន គឺកម្ពុជាយើងទទួលបានជោគជ័យតាំងពី៣ឆ្នាំមុខ ទាំងនេះគឺជាគុណសម្បត្តិរបស់យើងទាំងអស់គ្នា។

លោកស្រីវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា នឹងត្រូវលុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់នាឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើម និងអនុម័តផ្ទាល់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតដល់បច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី លើការប្រតិបត្តការផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាអាទិភាពមួយ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ការរៀបចំសន្និបាតនេះក្នុងគោលបំណងរួម ដើម្បីពិនិត្យមើលពីវឌ្ឍនភាព សមិទ្ធផលឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើការងារ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន។

កម្មពិធីបិទអង្គសន្និបាតនារសៀលនេះ ក៏មានការអញ្ជើញពីលោកវេជ្ជបណ្ឌិត Zaixing Zhang តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា, លោកវេជ្ជបណ្ឌិត Muhammad Naeem Durrani តំណាងអង្គការ UNOPS ប្រចាំកម្ពុជា, លោកស្រីវេជ្ជបណ្ឌិត Rida Slot តំណាង PMI-USAID ប្រចាំកម្ពុជា និងអ្នកច្រើនរូបទៀត សរុបចំនួន ២៧៣នាក់ ដែលមកពីក្រសួងស្ថាបនពាក់ពន្ធ និងក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ជំងឺគ្រុនចាញ់ (PSMET) នៃរដ្ឋបាលរាជធានី/ខេត្តទាំង២៥ អ្នកស្មគ្រចិត្តភូមិព្យាបាលគ្រុនចាញ់ រួមទាំងដៃគូសហការអនុវត្ត និងគាំទ្របច្ចេកទេសជាតិ-អន្តរជាតិ ដូចជា៖ WHO, UNOPS, PMI-USAID, ADB-PMU, CMEP2, CHAI, CRS, MC, NIH, APLMA, PSI, IPC, PMI-Evolve, Chemonics-PMS, DKSH Cambodia ។ល។

ក្នុងសន្និបាតនេះ លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ ម.គ.ច បានលើកឡើងថា វឌ្ឍនភាពរបស់កម្មវិធីជាតិទាំងបី រួមមានជំងឺគ្រុនចាញ់ សរុបទូទាំងប្រទេសក្នុងឆ្នាំ២០២៣ មាន ១,៣៨៤ គឺមានការថយចុះ ៦៦% បើប្រៀបធៀបឆ្នាំ២០២២។ ក្នុងនោះប្រភេទជំងឺគ្រុនចាញ់សន្ធំ និងចំរុះមាន៣% និងជំងឺគ្រុនចាញ់ប្រភេទលាប់ (Pv) មាន ៩៥%។ ជំងឺគ្រុនឈាមសរុបទូទាំងប្រទេសឆ្នាំ២០២៣ គឺ ៣៥,៣៩០ករណី និងស្លាប់ចំនួន ៩៩នាក់ គឺកើនឡើងជិត៣ដង ធៀបនឹងករណីឆ្នាំ២០២២ ដែលមាន ១២,៩៨៥ករណី និងស្លាប់ ២១នាក់។ ជំងឺដង្កូវព្រូន ជំងឺព្រូនស៊ីស្តូ ខេត្តក្រចេះ និងស្ទឹងត្រែង មានអត្រាប្រេវ៉ាឡង់ ក្រោម១% ដែលអាចនឹងឈានទៅលុបបំបាត់បាននៅឆ្នាំ២០២៥៕