(ភ្នំពេញ)៖​ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី១៣​នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ៤គណបក្ស បានធ្វើសកម្មភាពឃោសនាផ្សេងៗទៀតតាមលទ្ធភាព និងកម្មវិធីដែលគណបក្សនយោបាយនីមួយៗបានគ្រោងទុក។

បេីតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ឃើញថា៖

* គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅគ្រប់ភូមិភាគ ដោយនៅភូមិភាគទី១ មានការចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស និងនៅភូមិភាគផ្សេងទៀត មានការជួបប្រជុំ និងការចាក់មេក្រូផ្សព្វផ្សាយ។

* គណបក្ស ឆន្ទៈខ្មែរ បានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៃភូមិភាគទី២ ខេត្តសៀមរាប នៃភូមិភាគទី៤ និងខេត្តព្រៃវែង នៃភូមិភាគទី៦។

* គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយនៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧។

* គណបក្ស កម្លាំងជាតិ បានជួបប្រជុំនៅខេត្តព្រះវិហារ នៃភូមិភាគទី៨។

ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមមាត្រា ១៧ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវចប់ ២៤ ម៉ោងមុនថ្ងៃបោះឆ្នោត។

ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ៣៣ ចំណុះឱ្យភូមិភាគទាំង ៨។ ដើម្បីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សូមចូលតាមតំណភ្ជាប់ www.nec.gov.kh/khmer/content/7450