(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Devin Barta ប្រធាន​សភា​ពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីទស្សនៈវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​លើ​ការលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ដោយមានការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមាន​លក្ខណៈ​​សម្បត្តិ​គ្រប់​គ្រាន់ (QIP) ក្នុង​គោលដៅសម្រួលដល់វិនិយោគិនក្នុងការស្នើសុំគម្រោងវិនិយោគ​តាមរយៈប្រព័ន្ធអនឡាញឱ្យបានកាន់តែប្រសើរ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនជាព័ត៌មានដល់គណៈប្រតិភូ អំពីគម្រោងគោះទ្វារវិនិយោគ​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាអាចឱ្យកម្ពុជាទាក់ទាញ​បន្ថែម​​ទៀត វិនិយោគិនរបស់អាមេរិក ចូលមកវិនិយោគបន្ថែមលើក្រុមហ៊ុនដែលកំពុង​មានប្រតិ​បត្តិ​ការស្រាប់នៅកម្ពុជា។

សូមបញ្ជាក់ថា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ត្រូវបានបង្កើតឡើង​ក្នុង​ឆ្នាំ១៩៩៦ គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ មានសមាជិកប្រមាណ ២៤០ក្រុមហ៊ុន ដែល​ក្នុងនោះមានក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងកម្ពុជាជាសមាជិកផងដែរ ដើម្បីលើកកម្ពស់កាលា​នុវត្ត​ភាព​ពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ៕