(ព្រះសីហនុ)៖ លោកស្រី តាំង វិជ្ជនី ជាម្ចាស់អគារក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានអះអាងថា ទីតាំងរបស់គាត់បានរងការខូចខាត (ប្រេះស្រាំ បាក់ស្រុត) នូវបន្ទប់ស្នាក់នៅដែលកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ពោលមិនអាចចូលទៅប្រើប្រាស់ ឬទទួលភ្ញៀវឲ្យចូលស្នាក់នៅបានឡើយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោកស្រីបានឲ្យដឹងថា បន្ទប់ និងទីតាំងមួយចំនួនផ្សេងទៀតមានការ ប្រេះស្រាំ បាក់ស្រុតហែកចេញពីគ្នានេះ គឺបន្ទាប់ពីសកម្មភាពរបស់ក្រុមហ៊ុនការដ្ឋានសាងសង់នេះចាប់មានសកម្មភាពជីកដី បុកគ្រឹះទាំងយប់ទាំងថ្ងៃនាចុងឆ្នាំ២០២៣មក រហូតឈានដល់ចំនុចមួយដែលព្រួយបារម្មណ៍ខ្លាំងបំផុតចំពោះការបាក់ស្រុតនេះ។

ក្រោយពីឃើញសភាពបែបនេះលោកស្រី តាំង វិជ្ជនី បានសុំឲ្យខាងក្រុមហ៊ុនសាងសង់ជួសជុលអគាររបស់គាត់ដូចដើមវិញ ប៉ុន្តែដោយមានការមិនទុកចិត្តខាងសំណង់ លោកស្រីសុំធ្វើកិច្ចសន្យាកក់លុយជៀសវាងគាត់សាងសង់សំណង់រួចហើយមិនទទួលខុសត្រូវក្នុងការជួសជុលអគារ លុះក្រោយពេលដែលគាត់ជួសជុលរួចរាល់លុយកក់ទាំងប៉ុន្មាននឹងប្រគល់វិញគ្រប់ចំនួនមិនយកមួយសេននោះទេ។

ស្តាប់លឺលក្ខខណ្ឌនោះហើយខាងសំណង់បានប្រាប់ថាគាត់បានប្រាប់ថា ថ្នាក់លើមិនមានដំណោះស្រាយទេ ចង់ប្ដឹងទៅណាក៏ប្ដឹងទៅគេស្គាល់អ្នកធំច្រើនណាស់ គ្មានអ្នកណាហ៊ានប៉ះពាល់ខាងសំណង់គេនោះទេ។ ដោយមិនសុខចិត្ត លោកស្រីបានទៅដាក់បណ្តឹងនៅរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។

ក្រោយដាក់ពាក្យបណ្តឹងលោកស្រី ស្នើសុំ និងសង្ឃឹមយ៉ាងខ្ពស់ថា អាជ្ញាធរពាក់ព័ន្ធនឹងឆាប់មានចំណាត់ការជួយចុះអន្តរាគមន៍ និងដោះស្រាយពីបញ្ហាដែលបានកើតឡើងអស់ជាច្រើនខែនេះមកហើយ។

ស្របពេលជាមួយគ្នានេះ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការ អន្តរវិស័យខេត្តព្រះសីហនុ បានឲ្យដឹងថា សម្រាប់ពាក្យបណ្តឹងខាងលើរូបលោកទើបតែទទួលបាន និងពិនិត្យនាថ្ងៃទី២១ ខែកុម្ភៈម្សិលមិញនេះ យ៉ាងណាមិញលោកនឹងសុំគោលការណ៍បន្តទៅអភិបាលរងខេត្តទទួលបន្ទុក ដើម្បីដឹកនាំក្រុមការងារចុះត្រួតពិនិត្យនៅទីតាំងខាងលើក្នុងពេលខ្លីខាងមុខនេះ។

ចំណែកឯភាគីខាងម្ចាស់ការដ្ឋានសាងសង់ អ្នកសារព័ត៌មាន បានព្យាយាមទំនាក់ទំនងដើម្បីសួរនាំ ប៉ុន្តែទំនាក់ទំនងមិនទាន់បាន៕