(ភ្នំពេញ)៖ លោក អ៊ុន ទឹម អនុរដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីរាជការ ស្តីពីការងាររដ្ឋបាលសម្រាប់មន្រ្តីក្របខ័ណ្ឌឆ្នាំ២០២៣បន្ទាប់ពីដំណើរការវគ្គបណ្តុះបណ្តាលអស់រយៈពេល ៣ថ្ងៃ។

វគ្គបណ្តុះបណ្តាលការងាររដ្ឋបាលនេះ មានសិក្ខាកាមសរុបចំនួន ៦០ រូបក្នុងនោះស្ត្រី២៨រូប មកពីអាជ្ញាធរជាតិ សំបូរព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គណៈកម្មការបេតិកភណ្ឌពិភពលោក សាលាមធ្យមវិចិត្រ សិល្បៈ បណ្តាអង្គភាព និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។

ក្នុងឱកាសនោះ លោក អ៊ុន ទឹម បានថ្លែងថា រយៈពេល ៣ថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ពិតជាបានខិតខំប្រឹងប្រែងទទួលយកនូវចំណេះដឹងថ្មីៗ ល្អៗ ពីគ្រូឧទ្ទេសដែលមានចំណេះដឹង ជំនាញ និងបទពិសោធច្បាស់លាស់លើមុខវិជ្ជាមួយចំនួន ដែលទាក់ទងនឹងការងាររដ្ឋបាល ដែលមុខវិជ្ជាទាំងអស់នេះ ពិតជាមានសារៈសំខាន់ក្នុងកិច្ចការងារប្រចាំថ្ងៃ សំដៅពង្រឹងនូវគុណភាព ប្រសិទ្ធភាព នៃកិច្ចការរដ្ឋបាលក្នុងវិស័យវប្បធម៌របស់យើងឲ្យកាន់តែមានភាពល្អប្រសើរ ស្របតាមរបត់និងស្ថានភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសំដែងនូវទឹកចិត្តសប្បាយរីករាយ និងអបអរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះលោក លោកស្រី អ្នកនាងកញ្ញាជាសិក្ខាកាមទាំងអស់ដែលបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី «ការងាររដ្ឋបាលសម្រាប់មន្រ្តីក្របខ័ណ្ឌឆ្នាំ២០២៣» ប្រកបដោយជោគជ័យនាថ្ងៃនេះ។ [...] តាមរយៈលទ្ធផលខាងលើនេះ ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សង្ឃឹមជឿជាក់ថាសិក្ខាកាមទាំងអស់ នឹងយកនូវចំណេះដឹងនិងបទពិសោធ ដែលបានសិក្សានៅទីនេះ យកទៅអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព»។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ក៏បានសំណូមពរដល់ សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងទាំងនេះ ទៅអនុវត្តឲ្យមានប្រសិទ្ធភាព និងនាំយកនូវបទពិសោធទាំងឡាយដែលទទួលបានក្នុងវគ្គសិក្សានេះទៅផ្សព្វផ្សាយដល់មិត្តភក្តិរួមការងារ សំដៅរួមចំណែកពង្រឹងនូវសមត្ថភាពការងារឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

ស្របពេលជាមួយគ្នានេះដែរ បើតាមលោក ប៊ុនថន សុខាណារិទ្ធិ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ លោកសង្ឃឹមជឿជាក់ថា សិក្ខាកាម និងជាមន្រ្តីកម្មសិក្សារបស់ក្រសួងវប្បធម៌ និងវិចិត្រិសិល្បៈ ពិតជាទទួលបាននូវចំណេះដឹង និងទស្សនទានថ្មី សម្រាប់យកទៅបម្រើការងារលើវិស័យរដ្ឋបាលនៅក្នុងអង្គភាពរបស់ខ្លួន។ ទោះបីវគ្គនេះមានរយៈពេលខ្លី ប៉ុន្តែបានរួមចំណែកច្រើនក្នុងការផ្តល់នូវចក្ខុវិស័យវែងឆ្ងាយ និងការផ្លាស់ប្តូរឥរិយាបថ មុននឹងក្លាយខ្លូនជាមន្រ្តីរាជ ការពេញសិទ្ធិ ក្រោយបញ្ចប់កម្មសិក្សារយៈ ១២ខែនៅតាមអង្គភាពរៀងៗខ្លួន៕