(កំពង់ធំ)៖ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាលហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជរូបនីយកម្មកសិកម្ម (SAAMBAT) របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធនឹងសកម្មភាពសាងសង់ផ្លូវកៅស៊ូDBST បេតុង និងកំពង់ដមួយកន្លែងនៅស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆាំ២០២៤។

លោក ទូច ស៊ីផាត បានណែនាំអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុនសាងសង់ ត្រូវចូលរួមសហការ និងសម្របសម្រួលបើកផ្លូវនេះឱ្យបានទូលាយតាមគម្រោងបច្ចេកទេស និងចូលរួមថែរក្សាសមិទ្ធផលនេះ ជាសម្បត្តិរួម ឱ្យបានល្អនិងប្រើប្រាស់បានយូរអង្វែងហើយត្រូវជួយរក្សាសន្តិសុខសុវត្ថិភាពជូនក្រុមហ៊ុន ហេង សម្បត្តិ ដែលជាអ្នកម៉ៅការសាងសង់ផងដែរ បានអំពាវនាវដល់ម្ចាស់យានយន្តធំៗ សូមកុំដឹកលើសទំងន់ ខុសបច្ចេកទេសដែលនាំឱ្យខូចខាតផ្លូវ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានសាទរជាមួយគម្រោងថ្មីនេះ ដែលជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចងដៃប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើឡើងថែមទៀត ហើយអាជ្ញាធរភូមិ ឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់សំណង់ អនាធិបតេយ្យផ្សេងក្នុងមូលដ្ឋានដែលជាការរំខាននិងនាំឲ្យឆាប់ខូចខាតផ្លូវ។

គួរបញ្ជាក់ថា ផ្លូវដែលត្រូវសាងសង់មានប្រវែង ១៣.១៦គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំ (បន្ទាយស្ទោង រុងរឿង ព្រះដំរី) មានប្រវែង៨.៧១គម មានទទឹង៨.០០ម និងឃុំសំព្រោជប្រវែង៤.៤៥គម មានទទឹង ៧.០០ម និងកំពង់ដរមួយកន្លែងនៅភូមិបត់ត្រង់ នៃឃុំម្សាក្រង ស្រុកស្ទោង ហើយប្រើរយ:ពេលសាងសង់១ឆ្នាំផងដែរ៕