(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅសាលសវនាការ របស់លោកសន្តិបណ្ឌិត នៃអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។

ជាកិច្ចចាប់ផ្ដើម លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស បានធ្វើការកោតសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងរយៈពេល ប៉ុន្មានខែមកនេះ និងក៏បានបង្ហាញនូវភាពស្ញប់ស្ញែង ចំពោះសមិទ្ធផលនាពេលកន្លងមករបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំនៅក្នុងតំបន់មួយ ដែលតែងតែចាត់ទុកទីម័រឡេស្ត ប្រៀបដូចជាបងប្អូន ដោយតែងតែបានជួយគាំទ្រ និងជួយជំរុញ ជាពិសេសឲ្យទីម័រទទួលបានការអនុញ្ញាតជាគោលការណ៍ ក្លាយជាសមាជិកទី១១ នៃសមាជិកអាស៊ាន។

លើសពីនេះ លោកបានធ្វើការកោតសរសើរចំពោះការដឹកនាំលើវិស័យសន្ដិសុខសាធារណៈ របស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កាលនៅជាអគ្គស្នងការនគរបាលជាតិ ក្នុងរយៈពេលកន្លងមកដោយធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមល្អប្រសើរ ប្រកបដោយភាពជោគជ័យជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា និងបណ្ដាភ្ញៀវទេសចរ។

លោកក៏បានធ្វើការវាយតម្លៃខ្ពស់ក្នុងការរៀបចំការបោះឆ្នោតនាពេលកន្លងមករបស់កម្ពុជា ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដែលប្រកបដោយតម្លាភាព ប្រជាធិបតេយ្យ និងសេរីពហុបក្ស ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកឯកអគ្គរដ្ឋទូត ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ចែករំលែកបទពិសោធន៍ ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស ដែលជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកក៏បានស្នើសុំកម្ពុជាជួយទីម័របន្ថែមទៀត លើការអភិវឌ្ឍគ្រប់វិស័យ។

ជាការឆ្លើយតប លោកសន្ដិបណ្ឌិត នេត សាវឿន បានបង្ហាញការស្វាគមន៍ចំពោះការជួបពិភាក្សាការងារជាមួយលោកឯកអគ្គរដ្ឋទូតទីម័រឡេស្ត ហើយបានគូសបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជ្រុមជ្រែងដើម្បីធ្វើយ៉ាងណាឲ្យទីម័រខាងកើត អាចបំពេញបានតាមផែនទីបង្ហាញផ្លូវ ហើយក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលឆាប់ខាងមុខ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗ ទាំងគ្រប់វិស័យទាំងអស់ ជូនដល់ប្រទេសទីម័រឡេស្ត ពាក់ព័ន្ធការអភិវឌ្ឍ សន្ដិសុខ កសិកម្ម និងទេសចរណ៍ជាដើម។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកលើវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់នានា នឹងបន្ដពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយទីម័រកាន់តែល្អបន្ថែមទៀត ក្នុងនោះទាំងការផ្លាស់ប្ដូរទេសចរណ៍ និងការបំពេញការងាររបស់លោកឯកអគ្គរដ្ឋទូតនៅកម្ពុជា ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕