(ព្រះវិហារ)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណ:កម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាស្ពានបេតុង១កន្លែង ប្រវែង៣៦ម៉ែត្រ ទទឹង៨ម៉ែត្រ និងការងារចាក់ដីកម្រាលល្បាយក្រួស នៅក្បាលស្ពានសង្ខាងប្រវែង៣០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តភូមិអន្លង់ស្វាយ ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។

បន្ទាប់ពីបានចុះពិនិត្យមើល វាយតម្លៃ ដោយផ្អែកទៅលើលក្ខណៈបច្ចេកទេស សោភ័ណភាព និងគុណភាពស្ពានបេតុង ក៏ដូចជាចាក់ដីកម្រាលក្រួសក្រហមសង្ខាងក្បាលស្ពាន គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកមួយរយភាគរយ (១០០ភាគរយ) សម្រាប់ការអនុវត្តការងារស្ថាននានេះតាមកិច្ចសន្យា។

នៅក្នុងឱកាសនោះ លោក ប៊ុន ច័ន្ទវណ្ណៈ បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវលំក្រាលក្រួសក្រហមទាំងអស់នៅក្នុងខេត្តឱ្យបានល្អប្រសើរ ដើម្បីផ្តល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ ក៏ដូចជាការដឹកជញ្ជូនកសិផលពីភូមិមួយ ទៅភូមិមួយប្រកបដោយសុវត្ថិភាពផងដែរ។

លោក ប៊ុន ច័ន្ទវណ្ណៈ បានថ្លែងថា លោករដ្ឋមន្រ្តី ឆាយ រិទ្ធិសែន បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទតាមរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំឡើងវិញ ផ្លូវដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសផ្លូវដែលរងការខូចខាតដោយទឹកជំនន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ របស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

ជាមួយគ្នានេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាស្ពានបេតុងនេះប្រយោជន៍ឱ្យការប្រើប្រាសបានយូរអង្វែង ពិសេសសូមបងប្អូនចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕