(ភ្នំពេញ)៖ ដោយសារកំណើនអ្នកជំងឺគ្រុនឈាម មានការកើនឡើងគួរឲ្យព្រួយបារម្ភនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំមួយជាមួយមន្ទីរសុខាភិបាល មន្ទីរពាក់ព័ន្ធ និងអភិបាលខណ្ឌទាំង១៤ ដើម្បីបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់សត្វមូស កាត់បន្ថយឲ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាមនេះ។

នៅក្នុងកិច្ច​ប្រជុំរៀបចំផែនការបាញ់ថ្នាំសម្លាប់មូស នៅតាម​មូលដ្ឋាន​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ​ នា​រសៀល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ លោក ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងពលតូចលេខ៧០ ដែលតែងតែបានជួយប្រជាពលរដ្ឋលើវិស័យសុខាភិបាលកន្លងមក។

លោកបានបន្ដថា អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មន្ត្រីរាជការទាំងអស់ ត្រូវឈឺឆ្អាលពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតាមរយៈការងាររបស់យើងកន្លងមក គឺពិតជាបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ តាមរយៈរបាយការណ៍ ដែលបានបង្ហាញជំងឺគ្រុនឈាម បានកើតគួរឲ្យព្រួយបារម្មណ៍ ដែលទាមទារឲ្យយើងគ្រប់គ្នា មានវិធានការដោះស្រាយ ពិសេសគឺអនុវត្តវិធានការបាញ់ថ្នាំមូស នៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅតាមប្រឡាយ ឬទីតាំងដែលជជម្រកមូសខ្លា ដោយការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹកជាដើម។

លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះពិនិត្យមើលមូលដ្ឋានរបស់ខ្លួន ពិសេសចំពោះទីតាំងដែលបង្កលក្ខណៈឲ្យមូសអាចរស់នៅបាន ដើម្បីមានវិធានការកម្ចាត់មូសទាំងនោះចោល។ មន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ ក្នុងការធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅលើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណាកុំឲ្យជំងឺគ្រុនឈាមនេះ កើនឡើងថែមទៀត។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅ៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាម បានឆ្លងរាលដាលចំនួន១,០០០នាក់ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ជុំវិញបញ្ហានេះ ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងបែងចែកក្រុមការងារជា៤ក្រុម ដើម្បីចុះបាញ់ថ្នាំសម្លាប់សត្វមូស ដោយដំបូងនេះនឹងបាញ់ថ្នាំសម្លាប់មូស នៅខណ្ឌចំនួន៤ នោះមានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ដោយចាប់អនុវត្តកិច្ចការងារនេះ ចាប់ពីថ្ងៃស្អែកនេះទៅ៕