(ភ្នំពេញ)៖ មានបេក្ខជន ចំនួន១២៦នាក់ បានដាក់ពាក្យចូលរួមប្រឡងប្រជែងបកស្រាយប្រធានបទ «តួនាទីព្រះពុទ្ធសាសនា ក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌» ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី៩។

សមាសភាព ដែលដាក់ស្នាដៃចូលរួមមាន៖ សិស្ស និស្សិត គ្រូបង្រៀន ព្រះសង្ឃ ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងមន្ត្រីរាជការ។ នេះបើតាមលោកបណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណាន លើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឲ្យមានការប្រឡងប្រជែងបកស្រាយ ប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌» ដែលនឹងជ្រើសរើសជ័យលាភី ចំនួន៣រូប។

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានបញ្ជាក់ថា សមាសភាពដែលអាចចូលរួមប្រឡងប្រជែងមានដូចជា មន្ត្រីអប់រំ គ្រូបង្រៀន គរុនិស្សិត គរុសិស្ស សិស្ស និស្សិត និងសាធារណជនទូទៅ ហើយកាលបរិច្ឆេទឈប់ទទួលស្នាដៃត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖០០នាទី ជាកំហិត។

លោកបណ្ឌិត កាន់ ពុទ្ធី បានបន្តថា រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីបង្កើតទិវាជាតិអំណាន នៅឆ្នាំ២០១៥ ដោយបានសម្រេចជ្រើសរើសយកថ្ងៃទី១១ ខែមីនា ដែលជាថ្ងៃខែកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំ។ ផ្អែកលើអនុក្រឹតនេះ ក្រសួងអប់រំ ​បានរៀបចំប្រារព្ធទិវាជាតិអំណានលើកដំបូង នៅឆ្នាំ២០១៦។

ចំពោះមូលហេតុដែលក្រសួងអប់រំយកប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌» ត្រូវបានអ្នកនាំពាក្យក្រសួងអប់រំ លើកឡើងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ បើនិយាយ ពីប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនាបានចាក់គ្រឹះជ្រៅ ទៅក្នុងបេះដូងស្រទាប់មហាជន អីចឹងធ្វើឲ្យមហានជន មានជំនឿយ៉ាងមុតមាំ តាំងពីប្រជាពលរដ្ឋ រហូតដល់ថ្នាក់ដឹកនាំកំពូល។

ពុទ្ធសាសនា ងាយស្រួលអូសទាញ និងអប់រំសណ្តានចិត្តរបស់ប្រជាពលរដ្ឋ​ រហូតដល់សិស្សានុសិស្ស និងកូនចៅរបស់យើងថែមទៀត។ដោយមើលឃើញសារៈសំខាន់នេះ បានជាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឲ្យអ្នកពាក់ព័ន្ធទាំងអស់ ដឹងពីតួនាទីព្រះពុទ្ធសាសនាក្នុងសង្គម ដែលត្រូវបានផ្សារភ្ជាប់នឹងការអប់រំសីលធម៌ និងចរិយាធម៌។

លោកបណ្ឌិត កាន់ ពុទ្ធី បានបន្ថែមថា «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវដើរទន្ទឹមគ្នានឹងសីលធម៌ សុជីវធម៌ និងចរិយាធម៌។ ប្រសិនបើ មានវិទ្យាសាស្ត្រ ហើយអត់មានសីលធម៌ ក៏វានឹងនាំទៅដល់បញ្ហាគ្រោះថ្នាក់ ខណៈព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់ ក្នុងការអប់រំផ្លូវចិត្ត»

ជាមួយគ្នានេះ ព្រះតេជគុណ ញ៉េប តាត ព្រះលេខាធិការវត្តឧណ្ណាលោម មាន​សង្ឃដីកាថា ការជ្រើសរើសប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌» ពិតជាល្អណាស់ ហើយស័ក្តិសមចំពោះបរិបទសង្គមផងដែរ។

ព្រះតេជគុណ ញ៉េប តាត មានសង្ឃដីកា បន្តថា ប្រធានបទនេះ នឹងរួមចំណែក៖

* ១៖ ឲ្យពលរដ្ឋខ្មែរ បានចូលរួមចំណែកស្តារ និងលើកស្ទួយសីលធម៌ខ្មែរ តាមរយៈទ្រឹស្តីព្រះពុទ្ធសាសនា
* ២៖ ឲ្យពលរដ្ឋខ្មែរយល់ដឹង និងគុណតម្លៃព្រះពុទ្ធសាសនា
* ៣៖ ឲ្យពលរដ្ឋខ្មែរ យល់ដឹងពីតួនាទីខ្លួនឯង ចូលរួមលើកកម្ពស់សីលធម៌ក្នុងសង្គមខ្មែរ។

ចំណែក ឧកញ៉ា ប៉ិច បូឡែន អ្នកជំនាញវិស័យអប់រំ ក៏បានគាំទ្រចំពោះប្រធានបទនេះ។ លោកបន្តថា សូម្បីតែលោកឯងផ្ទាល់ក៏ព្យាយាមរៀន និងសង្វាតរៀន ពីទស្សនវិជ្ជាពុទ្ធសាសនាដែរ។
ឧកញ៉ា ប៉ិច បូឡែន បានបន្តថា លោកធ្លាប់រៀន ការប្រៀបធៀបសាសនានៅក្នុងពិភពលោក ហើយឃើញថា ទស្សនវិជ្ជាពុទ្ធសាសនា អាចជាមូលដ្ឋានគ្រឹះ ដែលសាសនាដទៃអាចយកទៅអនុវត្តដែរ ព្រោះទស្សនវិជ្ជានេះ ជាទ្រឹស្តីសាកល និងជាទ្រឹស្តីបែបវិទ្យាសាស្ត្រ។ ប៉ុន្តែសំខាន់ នៅពេលការអនុវត្តពិតប្រាកដ ដូចជាមានការប្រែក្លាយ ដែលបាត់ធាតុដើម មេរៀនដើម បែបទស្សនវិជ្ជាពុទ្ធសាសនា។

ឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងបើសិនជាយើងផ្តួចផ្តើម ជាពិសេសពីក្រសួងអប់រំផ្តួចផ្តើមនូវការប្រកួតប្រជែង ដេញដោលរៀនសូត្រ ទៅលើទស្សនវិជ្ជាពុទ្ធសាសនានេះ ជារឿងល្អមែនទែនតែម្តង។ យើងអាចយកមកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ការធ្វើការ ឬប្រកួតមុខរបបរកស៊ី បើសិនយើងដាក់តាមទស្សនវិជ្ជាពុទ្ធសាសនា យើងអាចទទួលបានផលល្អមែនទែន។ ការពិតប្រពៃណី ទម្លាប់នៅក្នុងសង្គមយើង សាសនាបានដើរតួនាទីយ៉ាងសំខាន់រួចទៅហើយ។ កាលមុន យើងឃើញមានប្រព័ន្ធអប់រំសាលានៅតាមវត្តអារាម អីចឹងពេលហ្នឹងព្រះសង្ឃត្រូវបានចាត់ទុកថា ជាបុគ្គលមានចំណេះដឹងខ្ពង់ខ្ពស់ ជួយបង្រៀនទាំងសង្ឃ និងជនសាមញ្ញធម្មតា»

លោកបន្តថា យើងគួតែរួបរួម និងបញ្ចូលមកវិញ ផ្តល់ឱកាសឲ្យព្រះសង្ឃតាមទីវត្តអារាម ក៏ដូចជាអ្នកយល់ដឹងបញ្ហាទស្សនវិជ្ជាពុទ្ធសាសនា បញ្ចូលកាន់តែច្រើន ទៅក្នុងប្រព័ន្ធអប់រំ។ ដូចលោកបានលើកជាទស្សនៈបុគ្គល ដែលបានសិក្សាខ្លះៗ​ ពីការប្រៀបធៀបសាសនា គឺទស្សនវិជ្ជាព្រះពុទ្ធសាសនានេះ អាចជាមូលដ្ឋានគ្រឹះនៃសាសនាដទៃផង មានន័យថា សាសនាដទៃអាចយកទស្សនវិជ្ជាពុទ្ធសាសនាទៅពង្រឹងសាសនារបស់គេបាន ដោយសារទស្សនវិជ្ជាសាសានា ជាទ្រឹស្តីសកល និងវិទ្យាសាស្ត្រល្អណាស់។

សូមជម្រាបថា ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ប្រកបដោយភាពអធិកអធម ក្រសួងអប់រំនឹងរៀបចំ៖

* ១៖ កម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត» ដោយការប្រឡងប្រណាំងជ័យលាភីថ្នាក់ជាតិប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

* ២៖ ការជ្រើសរើសបេក្ខជន បេក្ខនារី ជ័យលាភីចំនួន ៣រូប ដែលមានសមត្ថភាពខ្ពស់ក្នុងការបកស្រាយប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់សីលធម៌ និងចរិយាធម៌»។

* ៣៖ ការតាំងពិព័រណ៌សៀវភៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្រសួងអប់រំ ក៏បានជំរុញមហាជន បញ្ចេញមតិយោបល់ មាតិកា រូបភាព វីដេអូ ទាក់ទងនឹងអំណាន ដើម្បីលើកកម្ពស់អំណាននៅកម្ពុជា ហើយក្រសួងនឹងជ្រើសរើស មាតិកាល្អៗ ចែករំលែកនៅលើទំព័ររបស់ខ្លួន៕