(បន្ទាយមានជ័យ)៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យ ជាជនជាតិចិន២នាក់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ព្រមទាំងករណីរក្សាទុកចែកចាយនូវសារធាតុញៀនដោយខុសច្បាប់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហ័ង ពូ ហៅ អាហៃ អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចបុរីដឺផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ក្រោយពីទទួលពាក្យបណ្ដឹងរួច លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នៅវេលាម៉ោង១៥៖០០នាទី ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ជាជនជាតិចិន នៅចំណុច បុរី KN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ និងដកហូតវត្ថុតាងរួមមាន អាវុធខ្លីចំនួន៣ដើម និងអាវុធវែងចំនួន១ដើម, គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៦កូនថង់, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន១ថង់កិប ស្មើនឹង១៩៦គ្រាប់, គ្រឿងញៀនប្រភេទម្សៅពណ៌ស (កេតាមីន) ចំនួន១កូនថង់កិប និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យទី១៖ ឈ្មោះ ជា ជីនហ្គ័រ ហៅកាំង អាយុ២៨ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី២៖ឈ្មោះ លី អ៊ីនឈុន អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយសួរនាំពួកគេបានឆ្លើយសារភាពថា កាលពីមួយឆ្នាំមុន ថៅកែរបស់ខ្លួនបានប្រគល់កាំភ្លើងខ្លីចំនួន២ដើម និងកាំភ្លើងវែងចំនួន១ដើម ព្រមទាំងគ្រាប់កាំភ្លើងមួយចំនួន ទុកសម្រាប់ការពារក្នុងហាង អេផ្លាស ហើយរូបខ្លួនបានយកកាំភ្លើងនោះមករក្សាទុកក្នុងបន្ទប់របស់ខ្លួនជួលស្នាក់នៅ។ បន្ទាប់មកនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ពួកខ្លួនខឹងនឹងឈ្មោះ ហ័ង ពូ ហៅអាហៃ ដោយពួកខ្លួនខ្ចីប្រាក់មិនបានទើបប្រើប្រាស់អាវុធវាយគំរាម ពិតប្រាកដមែន។ ចំណែកគ្រឿងញៀនដែលសមត្ថកិច្ចដកហូតខាងលើ គឺពួកគេទិញមកសម្រាប់ប្រើប្រាស់ខ្លួនឯងតែប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានអះអាងថា មុនពេលបង្រ្កាបបទល្មើសខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕