(កំពង់ស្ពឺ)៖ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ស្ពឺ និងស្រុកភ្នំស្រួច ចំនួន៣នាក់ បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

អតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្គ្រោះជាតិ ទាំង៣នាក់នោះរួមមាន៖

*ទី១៖ លោក ប៉ុល សាវឿន អតីតអនុប្រធានគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្ត
*ទី២៖ លោក សៅ សឹម អតីតប្រធានគណបក្សសង្គ្រោះជាតិស្រុកភ្នំស្រួច និងជាអតីតសមាជិកក្រុមប្រឹក្សាស្រុក
*ទី៣៖ លោក ស្វាយ យូ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិស្រុកភ្នំស្រួច និងជាអតីតសមាជិកក្រុមប្រឹក្សាស្រុក។

ពួកគាត់ទាំង៣នាក់ តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសុទ្ធតែបានអះអាងដូចៗគ្នាថា ពួកគាត់សុំប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំង ដែលគ្មានគោលនយោបាយច្បាស់លាស់សម្រាប់ជាតិ និងប្រជាជន ពិសេសទណ្ឌិត សម រង្ស៉ី។ ពួកគាត់យល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប៉ុណ្ណោះដែលខិតខំប្រឹងប្រែងដើម្បីជាតិ និងប្រជាជន៕