(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុន អេ១ ប្លាស្ទីក រីសសន៍ លីមីធីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការវិនិយោគលើសំណល់ប្លាស្ទិកនៅកម្ពុជា តាមរយៈការកែច្នៃសំណល់ប្លាស្ទិកឡើងវិញ ដែលមានលក្ខណៈជាពាណិជ្ជកម្ម និងមានលទ្ធភាពនាំចូលទៅកាន់ទីផ្សារអន្តរជាតិ។

លោកស្រី លី ហុងឡានដេបូរា អាន់នី (LEE Hong Lan Deborah Anne) បានថ្លែងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលធ្វើឱ្យការនាំចូលថង់ប្លាស្ទិកមានការថយចុះជាង ៥០% នាពេលថ្មីៗនេះ តាមរយៈយុទ្ធនាការដែលមានសិស្សានុសិស្ស កម្មករ កម្មការនី ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានបានចូលរួមជាច្រើនលាននាក់ ស្របតាមការដាក់ចេញយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថាន។

លោកស្រី លី ហុងឡានដេបូរា អាន់នី បានសំដែងការចាប់អារម្មណ៍ខ្ពស់ ចំពោះឱកាសវិនិយោគលើការកែច្នៃប្លាស្ទិកឡើងវិញ ដោយប្រព័ន្ធ Recycled Polyethylene Terephthalate (RPET) ដើម្បីបានចូលរួមចំណែក ជាមួយក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយចំនួនសំណល់ប្លាស្ទិក ពីអាជីវកម្ម និងអ្នកប្រើប្រាស់។ ជាមួយគ្នានេះ លោកស្រី បានបង្ហាញជូនដំណើរការផលិតកម្ម ដែលផ្តល់អត្ថប្រយោជន៍ ដល់ការលើកស្ទួយសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋផងដែរ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រចំពោះសកម្មភាពវិនិយោគទាំងឡាយណា ដែលបានគិតគូរដល់ប្រយោជន៍ប្រជាពលរដ្ឋ និងប្រជាសហគមន៍មូលដ្ឋានជាធំ ហើយជាពិសេសការរួមចំណែកក្នុងការធ្វើឱ្យសហគមន៍ និងប្រជាពលរដ្ឋមានភាពជាម្ចាស់ ឯករាជ្យភាព គិតគូរដល់ផលប៉ះពាល់បរិស្ថាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី១ ដែលផ្តោតការយកចិត្តទុកលើការកាត់បន្ថយការបំពុលបរិស្ថាន ដោយបន្តពង្រឹងការគ្រប់គ្រង សំណល់ទីប្រជុំជន ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ការត្រួតពិនិត្យការបំពុលទឹក ខ្យល់ និងសំឡេងព្រមទាំងបន្តជំរុញថាមពលស្អាត ប្រសិទ្ធភាពថាមពល ការអនុវត្តកសិកម្មវៃឆ្លាត ធន់នឹងការប្រេប្រួលអាកាសធាតុ ការដឹកជញ្ជូនបៃតង ដំណើរការឧស្សាហកម្មស្អាត ការអនុវត្តសេដ្ឋកិច្ចចក្រា យន្តការវាយតម្លៃហេតុហ៉ះពាល់បរិស្ថាន វិញ្ញាបនកម្មបៃតង និងការប្រតិបត្តិមេត្រីភាពបរិស្ថាន៕