(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការធ្វើជានាយករដ្ឋមន្ត្រី បើគ្មានសិទ្ធិណែនាំដល់ក្រសួង/ស្ថាប័ន ក្រោមឱវាទឲ្យដាក់ទិសដៅការងារនោះទេ មិនដឹងធ្វើនាយករដ្ឋមន្ត្រីដើម្បីអ្វីឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ អនុវិទ្យាល័យ សាលាបឋសិក្សា និង មណ្ឌលសុខភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គេថាឃើញតែលោក ហ៊ុន ម៉ាណែត ធ្វើការគ្រប់កន្លែង។ ថ្ងៃមុនទៅក្រសួងព័ត៌មាន ណែនាំក្រសួងរឿងសារព័ត៌មាន គេថាខ្ញុំលូកដៃ ការងាររបស់ក្រសួងព័ត៌មាន។ ធ្វើនាយករដ្ឋមន្ត្រី បើគ្មានសិទ្ធិណែនាំក្រសួង/ស្ថាប័ន ក្រោមឱវាទឲ្យដាក់ទិសដៅការងារនោះ តើធ្វើនាយករដ្ឋមន្ត្រីធ្វើអី? ខ្ញុំមិនទៅធ្វើការជំនួស ឯកឧត្តម ហង់ជួន ណារ៉ុន (ឬរដ្ឋមន្ត្រីផ្សេងទៀត) នោះទេ តែខ្ញុំមានសិទ្ធិណែនាំការអនុវត្តគោលនយោបាយ ដែលជាគោលដៅ របស់យើង។ ខ្ញុំមានសិទ្ធិផ្តល់គោលគំនិត»

ទោះជាយ៉ាងនេះក្តី សម្តេចធិបតី អះអាងថា សម្តេចមិនមែនធ្វើការជំនួសរដ្ឋមន្ត្រីឡើយ ពោលគឺគ្រាន់តែមានសិទ្ធិណែនាំការអនុវត្តគោលនយោបាយ ដែលជាគោលដៅរួមប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្តេចធិបតី បានបន្ថែមថា ការធ្វើអ្វីក៏ដោយ បើគ្មានការតាមដាន គឺអត់ជោគជ័យនោះទេ៕