(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ជាគន្លឹះមួយរបស់សម្តេចគឺធ្វើក៏ដោយត្រូវមានការតាមដានត្រួតពិនិត្យ និងមានយន្តការជាប់ប្រចាំទើបជោគជ័យ ហើយបើត្រឹមតែយកមកចងក្រងចែងរំលែកមិនប្រាកដថាដើរនោះទេ។

ពាក់ព័ន្ធនឹងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើយើងធ្វើការដកពិសោធន៍នឹងអាចរីកបាន ប៉ុន្តែបើសិនយើងមានយន្តការមួយដើម្បីរុញការងារឱ្យមានសុគត្តភាព ឱ្យមានជាស្តង់ដារមួយ ហើយយើងជួយតម្រង់ទិស និងជួយអនុវត្តន៍ ចែកយកបទពិសោធន៍ដែលធ្វើបានជោគជ័យនៅតាមបណ្តាសាលាមួយចំនួន យកមកផ្តុំគ្នា ហើយចែកទៅដល់សាលាផ្សេងៗទៀតដែលចង់ធ្វើ នោះនឹងអាចបានទទួលជោគជ័យ នេះហើយគឺជាអ្វីដែលយើងត្រូវធ្វើ ហេតុនេះហើយដែលយើងត្រូវរៀបចំយន្តការថ្នាក់ជាតិដើម្បីអនុវត្តន៍តែម្តង។

ដើម្បីធ្វើឱ្យមានភាពជោគជ័យសម្រាប់អង្គភាពសេវាសាធារណៈគំរូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «អ្វីដែលជាគន្លឹះរបស់ខ្ញុំនោះ គឺធ្វើក៏ដោយត្រូវមានការតាមដានត្រួតពិនិត្យ និងមានយន្តការជាប់ប្រចាំ ត្រឹមតែយកមកចងក្រងចែងរំលែកមិនប្រាកដថាដើរនោះទេ ចឹងហើយបានជាយន្តការថ្នាក់ជាតិនេះគឺត្រូវរៀបចំក្រុមការងារតាំងពីថ្នាក់ចាប់ផ្តើមណែនាំរហូតមក ក្នុងមួយអាណត្តិនេះត្រូវមានយន្តការតាមដានត្រួតពិនិត្យ, យើងចាប់ផ្តើមពី ៥០សាលា ដែលនឹងទៅជាគម្រូដើម្បីជួយមើល និងបណ្តុះបណ្តាលបន្តទៅ ១០០សាលា ២០០សាលា នឹងទៅដល់ ១ ០០០សាលា»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដែរថា កាលពីពេលកន្លងមកមានក្រុមការងារបានរាយការណ៍ជូនសម្តេច ធ្វើផែនការហើយអនុវត្តន៍ ហើយបានតាមដានត្រួតពិនិត្យ ១ឆ្នាំ ២ដង សម្តេចក៏បានបញ្ជាក់ថា បើត្រូតពិនិត្យ ១ឆ្នាំ ២ដង កុំធ្វើល្អជាង, ការធ្វើអ្វីមួយ ដំណាក់កាលដំបូងត្រូវតាមឱ្យជាប់ យ៉ាងហោចណាស់មួយខែត្រូវតាមដានត្រួតពិនិត្យ ៣ទៅ៤ដង ដើម្បីតាមជួយ ហើយបើធ្វើគ្រាន់តែត្រួតពិនិត្យ ១ឆ្នាំ ២ដង ទៅមិនរួចទេ ពេលដែលត្រូវធ្វើគោលគំនិតថ្មីត្រូវតែតាមជួយឱ្យបានជាប់ជានិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការតាមដាននេះមិនមែនដើម្បីចាប់កំហុសនោះទេ គឺដើម្បីក្នុងការអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមស្តង់ដារដែលខ្លួនចង់បាន ហើយជួយឱ្យជោគជ័យ ដែលនេះហើយជាកិច្ចការសំខាន់ បើឱ្យធ្វើអីមួយគ្មានការតាមដានត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំនោះមិនជោគជ័យទេ គឺបានតែបរិមាណ តែគ្មានគុណភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើចង់ឱ្យមានភាពក្នុងជោគជ័យរយៈពេលវែង ត្រូវឱ្យមានជោគជ័យរយៈពេលខ្លីជាមុនសិន កុំឱ្យចាប់ផ្តើមឡើងបរាជ័យមុន ហើយបើយើងយក ២០០សាលាមកមកអនុវត្តជាគំរូ យើងត្រូវមានលទ្ធភាពពិនិត្យតាមដានធ្វើឱ្យបាន តែបើគ្មានលទ្ធភាពតាមដានត្រួតពិនិត្យ និងជម្រុញឱ្យបានដើរដោយជោគជ័យទាំង ២០០សាលានោះទេ គឺយើងនឹងបរាជ័យ ដូចនេះបើសិនជាយើងចាប់ផ្តើមប៉ុន្មានសាលា យើងត្រូវតែធ្វើឱ្យជោគជ័យសាលាទាំងអស់នោះសិន ទើបជាគម្រូដែលសាលាផ្សេងៗចង់ធ្វើតាមដែរ៕