(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូក្រសួង តំណាងរាជរដ្ឋាភិបាលចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវបានហៅកាត់ថា គណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីពិនិត្យផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមកិច្ចដឹកនាំរបស់ លោកស្រី និន សាផុន ប្រធានគណៈកម្មការប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដែលបានរៀបចំឡើងនៅ វិមានរដ្ឋសភា ដោយមានការចូលរួមពីលោក លោកស្រី តំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ក្នុងកិច្ចប្រជុំនាព្រឹកនេះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានជម្រាបជូនអំពីសាវតារ គោលបំណង និងអត្ថប្រយោជន៍នៃ សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងពន្យល់បំភ្លឺបន្ថែមលើខ្លឹមសារត្រង់ចំណុចមួយចំនួន ឱ្យបានជ្រាបកាន់តែច្បាស់។ ជាលទ្ធផលឆ្លងកាត់ការពិភាក្សាគ្នាយ៉ាងផុលផុសនាព្រឹកនេះ បានបង្កលក្ខណៈឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមាន ភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានដែលនឹងផ្តល់ផលប្រយោជន៍ជាអតិបរមាជូនប្រជាជន និងប្រទេសកម្ពុជា។

សម្រាប់ជំហានបន្ទាប់ «សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក» នឹងត្រូវដាក់បញ្ចូលទៅក្នុងវារៈកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភា ដើម្បីធ្វើការពិភាក្សា និងអនុម័ត មុននឹងបញ្ជូនទៅព្រឹទ្ធសភាដើម្បីអនុវត្តនីតិវិធីជំហានបន្ទាប់៕