(ភ្នំពេញ)៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. កាលពីនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្តីឬប្រពន្ធនិងកូនក្នុងបន្ទុក ដែលជួយគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។

លោក ហេង សុផាន់ណារិទ្ធ បានបន្តថា នៅពេលអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គាត់ចុះឈ្មោះជាសមាជិក ប.ស.ស. នោះអ្នកក្នុងបន្ទុក «ប្តីឬប្រពន្ធ និងកូននៅក្នុងបន្ទុក» នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ប្រាក់បំណាច់មាតុភាព និងប្រាក់វិភាជន៍បូជាសព នៅពេលទទួលរងគ្រោះថ្នាក់ជាយថាហេតុណាមួយរហូតបាត់បង់ជីវិត។

គួរបញ្ជាក់ថា ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់បន្ថែមទៀតទៅលើរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ និងសហព័ទ្ធ ព្រមទាំងកូនក្នុងបន្ទុកនេះ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ជាមន្ត្រីសាធារណៈ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមជម្រាបដែរថា ដើម្បីចុះឈ្មោះអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំពោះ ប្តី ឬប្រពន្ធ ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ, សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍។ សម្រាប់កូនក្នុងបន្ទុក ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ, សេចក្តីចម្លងសំបុត្រកំណើត។ ករណីកូនក្នុងបន្ទុកមានចំនួនចាប់ពី ២ នាក់ឡើង ដែលបំពេញគ្រប់លក្ខខណ្ឌតម្រូវឲ្យចុះទាំងអស់៕