(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាជនតែងបន់ទេវតាសុំនូវសេចក្ដី សេចក្ដីចម្រើន ឬសុំឱ្យសម្រេចជោគជ័យគ្រប់ភារកិច្ចការងារជាដើម ប៉ុន្តែអ្នកដែលជួយធ្វើកិច្ចការទេវតាជាក់ស្ដែង គឺលោកគ្រូ-អ្នកគ្រូ និងក្រុមគ្រូពេទ្យ ដោយសម្ដេចចាត់ទុកការអប់រំបណ្ដុះបណ្ដាលរបស់លោកគ្រូ-អ្នកគ្រូ និងការព្យាបាលរបស់គ្រូពេទ្យ គឺជាការជួយធ្វើការងាររបស់ទេវតាក្នុងការតាមជួយថែរក្សាអាយុជីវិតប្រជាជន ជួយឱ្យប្រជាជនសម្រេចជោគជ័យការងារ។

ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខា​ភិបាលប្រចាំឆ្នាំ២០២៣ និង​ប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។ ពិធីនេះធ្វើឡើង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា សុខភាព សុខមាលភាពប្រជាជននៅទូទាំងប្រទេសបានកើនឡើង ដោយសារគ្រូពេទ្យ និងបុគ្គលិកក្នុងវិស័យសុខាភិបាលកាន់តែពង្រីកកម្រិតសមត្ថភាព លទ្ធភាពព្យាបាល តួយ៉ាងដូចយើងឃើញកាលពីពេលកូវីដ១៩ គឺអត់មានអ្នកណាមកជួយយើងទេ គឺយើងម្ចាស់ការខ្លួនឯង។

សម្ដេចធិបតីបានបន្តថា មនុស្សឈឺរាប់ពាន់រាប់ម៉ឺននាក់ត្រូវបានទទួលការព្យាបាល ស្ត្រីឆ្លងទន្លេរាប់រយរាប់ពាន់នាក់ត្រូវបានទទួលការជួយសម្រាលកូន ខណៈអត្រាស្លាប់មាតានិងទារកតិចណាស់ គឺដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ។ ចំណែកវិស័យអប់រំក៏ដូចគ្នា សិស្សានុសិស្សកាន់តែច្រើន​ទទួលបានបណ្ដុះបណ្ដាលនៅទូទាំងប្រទេស។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «គ្រូពេទ្យ គ្រូបង្រៀន ជាអ្នកធ្វើការងាររបស់ទេវតា.... អ្នកបន់ភាគច្រើន ទីមួយគឺបន់ឱ្យសុខភាពល្អ អាយុយឺនយូរ បន់ឱ្យម្ដាយឪពុកឆាប់ជា ទីពីរគឺបន់ឱ្យខ្ញុំរកស៊ីមានបាន បន់សុំឱ្យជោគជ័យការងារ ដូច្នេះទេវតាអាចជួយបាន តែវិធីសាស្ត្រជាក់ស្ដែងមានតែគ្រូពេទ្យ និងលោកគ្រូអ្នកគ្រូបង្រៀន»

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានចាត់ទុកការអប់រំបណ្ដុះបណ្ដាលរបស់លោកគ្រូ-អ្នកគ្រូ និងការព្យាបាលរបស់គ្រូពេទ្យ គឺជាការជួយធ្វើការងាររបស់ទេវតាក្នុងការតាមជួយថែរក្សាអាយុជីវិតប្រជាជន ជួយឱ្យប្រជាជនសម្រេចជោគជ័យការងារ។

លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ និងគ្រូពេទ្យទូទាំងប្រទេសសូមបន្តការងារទេវតានេះតទៅមុខទៀត ដើម្បីប្រទេសជាតិយើងរីកចម្រើនទៅទៀតដែរ៕