(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអះអាងថា ការដំឡើងលោក ហ៊ុន ម៉ានី ទៅជាឧបនាយករដ្ឋមន្ដ្រី បន្ថែមលើមុខដំណែងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ គឺដើម្បីមានទម្ងន់ក្នុងការបំពេញការងារលើការកែទម្រង់រដ្ឋបាលសាធារណៈ សំដៅរក្សាផលប្រយោជន៍ជាតិ។

ការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិប​តីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខា​ភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។

បើតាមប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ការដំឡើងឋានៈលោក ហ៊ុន ម៉ានី មិនមែនដោយសារលោកជាប្អូនរបស់សម្ដេចនោះទេ ពោលអ្នកកាន់មុខដំណែងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ទោះអ្នកណាក៏ដោយ ក៏ត្រូវដំឡើងដែរ ដើម្បីបង្កើនសិទ្ធិ តួនាទី និងទម្ងន់ ខណៈរាជរដ្ឋាភិបាលនីតិកាលទី៧ នាយករដ្ឋមន្ដ្រីដឹកនាំផ្ទាល់លើការងារកំណែទម្រង់ ហើយក្រសួងមុខងារសាធារណៈជាសេនាធិការ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃនេះឃើញមានការវាយប្រហារ ការតម្លើងរដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ទៅជា ឧបនាយករដ្ឋមន្ដ្រី ថាដោយសារអ្នកនេះអ្នកនោះ។ ទោះបីជា ហ៊ុន ម៉ានី អ្នកណាក៏ដោយដែលកាន់ការងារនេះ (រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ) ក៏ត្រូវតម្លើងដែរ ដោយសារក្រសួងនេះដើរតួនាទីជាសេនាធិការ នៅក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ ដែលពាក់ព័ន្ធទៅដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ ហើយបើសេនាធិការទម្ងន់ទាបទៅប្រាប់គេធ្វើការយ៉ាងមិច ឲ្យនាយករដ្ឋមន្ដ្រីដើរធ្វើការងារខ្លួនឯងឬយ៉ាងមិច? គឺតម្រូវក្រសួងស្ថាប័ន»

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា តម្រូវការកំណែទម្រង់អាទិភាព យើងត្រូវបង្កើនសិទ្ធិ បង្កើនតួនាទី និងទម្ងន់ឲ្យធ្វើដើម្បីផលប្រយោជន៍ជាតិទាំងមូល នៅក្នុងការដឹកនាំអនុវត្តនូវគម្រោង។ សម្ដេចពន្យល់ថា មូលហេតុដែលសម្ដេចបង្កើតគណៈកម្មាធិការជាតិមួយទៀត ដែលនាយករដ្ឋមន្ដ្រីដឹកនាំផ្ទាល់ទៅលើការកំណែទម្រង់៣ រួមមាន មុខងារសាធារណៈ, អប់រំ និងសុខាភិបាល ដើម្បីប្រសិទ្ធភាព និងមានភាពច្បាស់លាស់ក្នុងការបំពេញការងារ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នាយករដ្ឋមន្ដ្រី ជាប្រធានគណៈកម្មាធិការ ហើយរដ្ឋមន្ដ្រីក្រសួងជំនាញជាសេនាធិការ ជាប្រធានលេខាធិការដ្ឋាន ដើម្បីដឹកនាំអនុវត្ត។ ដោយឡែក ក្រសួងមុខងារសាធារណៈទទួលកំណែទម្រង់ធំជាង គឺរដ្ឋបាលសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូច្នេះត្រូវរៀបចំដើម្បីឲ្យមានសុគតភាព និងមានទម្ងន់ ដើម្បីផលប្រយោជន៍នៃកំណែទម្រង់មុខងារសាធារណៈសំខាន់ណាស់សម្រាប់កម្ពុជា។

សូមជម្រាបថា នៅថ្ងៃទី២១ ខែកុម្ភៈម្សិលមិញ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ, លោក ស្រ៉ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស។ ការតែងតាំងនេះ ក្រោយរដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ហើយស្នើថ្វាយទៅព្រះមហាក្សត្រ៕