(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ប្រទេសជាច្រើន នៅលើជុំវិញពិភពលោក បានកាត់បន្ថយការជ្រើសរើសមន្ត្រីរាជការ តែរើសមន្ត្រីកិច្ចសន្យា ដើម្បីធ្វើកិច្ចការងារ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រកាសជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «នៅប្រទេសច្រើនណាស់ គេកាត់បន្ថយនូវមន្ដ្រីរាជការក្របខណ្ឌ រួមទាំងកងទ័ព ដោយការងារមួយចំនួន ផ្អែកទៅលើការកុងត្រាកិច្ចសន្យា។ សូម្បីតែកងទ័ពនៅអាមេរិក និងនៅអូស្ដ្រាលី ការងារមួយចំនួន គេលែងប្រើទ័ពទៀតហើយ គឺគេប្រើក្រុមហ៊ុនឯកជន ដើម្បីធ្វើការងារ»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ឲ្យពិនិត្យលទ្ធភាព ក្នុងការជ្រើសរើសបែបនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លោកគ្រូ-អ្នកគ្រូ នៅតាមមូលដ្ឋាន អត់ត្រូវចាំបាច់ ទាល់តែមានក្របខណ្ឌពេញ បានមានសិទ្ធិនោះទេ ត្រូវផ្ដល់សិទ្ធិ និងផ្ដល់ឱកាសឲ្យភ្ជាប់គ្នា គឺត្រូវប្រើរូបមន្ដ ការគិតគូរបែបនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើបើកក្របខណ្ឌបែបនេះ គឺអាចរើសអ្នកជំនាញចូលទៅក្នុងមន្ដ្រី ដែលធ្វើការងារជំនាញ ដោយក្នុងក្របខណ្ឌជាបុគ្គលិកកិច្ចសន្យា ជំនាញរយៈពេល៥ឆ្នាំ៕

<div clas