(ភ្នំពេញ)៖ ប្រជាពលរដ្ឋងាយរងគ្រោះ គ្រួសារអតីតយុទ្ធជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសិស្សានុសិស្ស១៥០នាក់ រស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ ក្នុងឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលបានការយល់ដឹងបន្ថែមពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងឱកាសដែលកាកបាទក្រហមកម្ពុជា រៀបចំក្នុងពិធីអប់រំផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោមមូលបទ «យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ» ឈានឆ្ពោះទៅ កម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ ។

ពិធីផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ បានប្រារព្ធធ្វើក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រិយ៍ នាព្រឹកថ្ងៃទី២០កុម្ភៈ ក្រោមវត្តមាន លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធក្នុងស្រុកអន្លង់វែង ព្រមទាំងតំណាងអង្គការដៃគូក្នុងសកម្មភាពមីនផងដែរ។

កញ្ញា ណាក កាមល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអន្លង់វែង បានមានមតិស្វាគមន៍ ព្រមទាំងបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រ ដោយបានបញ្ជាក់ថា អន្លង់វែងជាតំបន់អតីតសមរភូមិប្រយុទ្ធដ៏ក្ដៅគគុក ហើយសង្គ្រាមបានអូសបន្លាយយូរជាងគេ ដែលធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយបន្សល់នូវសោកនាដកម្មនៃសង្រ្គាមគឺ ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា ព្រមទាំងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បង្ករការរាំងស្ទះដល់ដំណើរអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួសឱ្យប្រជាពលរដ្ឋរស់នៅតំបន់រងហានិភ័យ នៃអតីតសមរភូមិប្រយុទ្ធកញ្ញា ណាក កាមល បានថ្លែងអំរគុណយ៉ាងជ្រាលជ្រៅ សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំបញ្ចប់សង្គ្រាម នាំសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជនកម្ពុជាតាមរយៈការអនុវត្តន៍ដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ។

ព្រមជាមួយនោះ ក៏ថ្លែងអំណរគុណយ៉ាងក្រៃលែងជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានបង្កើតក្រុមការងារអប់រំដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ក៏ដូចជាកម្មវិធីកម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ដែលរួមចំណែកធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែងកាន់តែប្រសើរឡើង។

ក្នុងសកម្មភាពផ្សព្វផ្សាយ តំណាងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង និងអង្កការ The Halo Trust បានធ្វើបទបង្ហាញពន្យល់ណែនាំ អប់រំ និងផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប ថ្វីត្បិតតែបច្ចុប្បន្ននេះយើងរស់នៅក្នុងសុខសន្តិភាពហើយក្ដី ប៉ុន្តែគ្រាប់មីនកប់ក្នុងដី ដែលបន្សល់ទុកដោយសង្គ្រាមនៅតែមាន ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ននៅពេលបងប្អូនប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរ ឬអង្គភាពកំចាត់មីនដើម្បីមានវិធានការ។

ជាមួយគ្នានេះលោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង បាននាំយកនូវសេចក្ដីនឹករលឹក និងសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយក្ដីនឹករលឹកក្រៃលែង។ ទាក់ទងទៅនឹងសកម្មភាពមីន លោកស្រីបានលើកឡើងថា កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយពីគ្រោះថ្នាក់បង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាំងពីឆ្នាំ២០០១ ក្នុងខេត្តគោលដៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង​ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

សកម្មភាពដំបូងនោះគឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមសហគមន៍គោលដៅចំនួន ៧៥០នាក់ និងយុវជនកាកបាទក្រហមចំនួន ១០៥០នាក់ ដើម្បីធ្វើការបណ្តុះបណ្តាលការយល់ដឹងអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ។ មកដល់បច្ចុប្បន្ននេះមានប្រជាពលរដ្ឋប្រមាណ ២,១៥៣,០៧២នាក់ បានចូលរួមយល់ដឹងអំពីការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកស្រីបានបន្តទៀតថា ក្រៅពីការអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខដល់អ្នករងគ្រោះ របួស ពិការ និងគ្រួសារសពដោយសារមីន ព្រមទាំងផ្តល់ជំនួយសង្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះ នៅតាមបណ្តាសហគមន៍ ឬនៅតាមមន្ទីរពេទ្យដោយផ្ទាល់ និងបានទទួលនូវសេវាថែទាំសុខភាព ផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងសម្របសម្រួលដើម្បីទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា។ បន្ថែមពីលើសកម្មភាពទាំងនេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់កម្ចីខ្នាតតូចគ្មានការប្រាក់ ដោយផ្តោតទៅលើការជួយគាំទ្រជនងាយរងគ្រោះ និងរងគ្រោះក្នុងសហគមន៍ដូចជា៖ គ្រួសាររងគ្រោះដោយសារមីន, គ្រួសាររងគ្រោះដោយទឹកជំនន់, គ្រួសារយោធិនពិការ, គ្រួសារអតីតយុទ្ធជន និងគ្រួសារយុទ្ធជន ដើម្បីប្រកបរបរកសិកម្មឬធ្វើអាជីវកម្មខ្នាតតូចផ្សេងៗរកប្រាក់ចំណូលកែលម្អជីវភាពរស់នៅ និងបង្កើនភាពធន់សហគមន៍ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

គិតត្រឹម​ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជាផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់សរុបបានចំនួន ៨,៦៥៩គ្រួសារ ក្នុងនោះគ្រួសារអតីតយុទ្ធជនពិការ ៣,១២៤គ្រួសារ មាននៅខេត្តកណ្ដាល ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

ក្រោយបញ្ចប់ការថ្លែងសុន្ទរកថា លោកស្រី និងក្រុមការងារបានចែកជូនអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ភារៈសិក្សា ទស្សនាវដ្ដីកាកបាទក្រហមកម្ពុជា និងថវិកាមួយចំនួនដល់ សិស្សានុសិស្ស និងបងប្អូនសមាជិក សមាជិកាផងដែរ។ បន្ទាប់មកក្រុមការងារបានបន្តចុះសំណេះសំណាល សួរសុខទុក្ខដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋងាយរងហានិភ័យ និងរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាអ្នកទទួលផលពីកម្មវិធីប្រាក់កម្ចីគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ចំនួន៣គ្រួសាររស់នៅឃុំត្រពាំងប្រិយ៍១គ្រួសារ និង២គ្រួសាររស់នៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាមួយនិងការសំណេះសំណាលអំពីមុខរបរ និងជីវភាពរស់នៅក្រោយពេលទទួលបានប្រាក់កម្ចីពីកាកបាទក្រហមកម្ពុជា និងផ្តល់ជូន អំណោយមនុស្សធម៌ជូនគ្រួសារនីមួយៗ នូវ ឃីត១កញ្ចប់ និងថវិកាមួយចំនួន ផងដែរ៕