(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការកោតសរសើរអ្នកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលយករទេះគោដឹកអ្នកទេសចរអន្តរជាតិ ទៅទស្សនាវត្តពោធិ៍រុក្ខារាម ដែលមានអាយុកាលជាង ១០០ឆ្នាំ។ ក្រសួងវប្បធម៌និងចិត្រសិល្បៈ បានចាត់ទុកថា សកម្មភាពនេះបានផ្សព្វផ្សាយទាំងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងជីវភាពប្រជាពលរដ្ឋខ្មែរ។

ស្រុកកំពង់ត្រឡាច បានក្លាយជាតំបន់សក្តានុពលដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស។ ស្ទើរតែរៀងរាល់ថ្ងៃ តែងមានក្រុមភ្ញៀវទេសចរបរទេសធ្វើដំណើរតាមកប៉ាល់ និងរថយន្តក្រុងធំៗចូលមក ដើម្បីជិះរទេះគោដើរកម្សាន្តកាត់តាមទីជនបទរបស់ស្រុក និងជាពិសេសចូលទស្សនាគំនូរបុរាណ និងព្រះវិហារវត្តពោធិ៍រុក្ខារាម ដែលជាសម្បត្តិបេតិកភណ្ឌជាតិមួយ មានអាយុកាលប្រមាណជាង ១០០ឆ្នាំហើយ។ នេះបើតាមមន្ទីរទេចរណ៍ខេត្តកំពង់ឆ្នាំង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា វត្តពោធិ៍រុក្ខារាម ឬវត្តកំពង់ត្រឡាចលើ ជាវត្តបុរាណចំណាស់មួយ ក្នុងចំណោមវត្តបុរាណជាច្រើន ដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានយកចិត្តទុកដាក់ថែរក្សា ការពារ និងអភិរក្ស តាំងពីយូរ រហូតមកដល់បច្ចុប្បន្ននេះ។

លោកបានបន្តថា នៅក្នុងកំឡុងឆ្នាំ១៦៧២-១៧២៧ ព្រះចៅអធិការវត្តទី១ ព្រះនាម «រស់» បានកសាងវត្តសាឡុំអំពើឈើប្រក់ស្លឹកមួយខ្នង សាលាធម្មសភាពីឈើប្រក់ស្លឹកមួយខ្នង នៅក្នុងបរិវេណវត្តនេះ។ បន្ទាប់មក នៅឆ្នាំ១៧២៧-១៧៦៧ ព្រះចៅអធិការវត្តទី២ បានកសាងព្រះវិហារធ្វើពីឈើប្រក់ស្លឹក១ខ្នង។ ចំណែកព្រះវិហារ ដែលឃើញបន្សល់ទុកដល់បច្ចុប្បន្ននេះ ត្រូវបានកសាងក្នុងទសវត្សន៍ឆ្នាំ១៩០០។ ព្រះវិហារនេះកសាងឡើងអំពីឥដ្ឋបូកបាយអ មានទ្វារនៅទិសខាងកើត២ និងខាងលិច២ បង្អួចចំនួន១០ សសរខាងក្រៅសរុបចំនួន២៨ និងសសរខាងក្នុងចំនួន១០ ជាទម្រង់ព្រះវិហារបុរាណដែលមានជហ្វា៤។ នៅខាងក្នុងព្រះវិហារ មានគំនូរបុរាណគូរនៅឆ្នាំ១៩០៣-១៩០៤ ដោយវិចិត្រករឈ្មោះ «ប៉ាល» និង «ជា»

ព្រះវិហារនេះបានជួសជុល ចំនួន២លើករួចមកហើយ គឺនៅឆ្នាំ១៩៩៣ និងនៅឆ្នាំ២០១០ ដោយអ្នកបច្ចេកទេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលការជួសជុលផ្តោតសំខាន់លើគំនូរ និងដំបូល ដើម្បីការពារភ្លៀងតាមការសន្និដ្ឋាននៅឆ្នាំ១៩២៥ ប្រហែលមានការជួសជុលផ្លាស់ប្តូរហោជាង។

ដោយសារតែអាយុកាល និងគំនូរបុរាណនោះ វត្តនេះត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវចុះទៅសិក្សាស្វែងយល់អំពីព្រះវិហារនោះជាប្រចាំ ដែលការទស្សនានេះ ជាផ្នែកមួយក្នុងការលើកតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌របស់ខ្មែរយើង។ ចំពោះកិច្ចអភិរក្សវត្តនេះ គឺក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានចុះទៅពិនិត្យ និងតាមដានពីការខូចខាត និងមានវិធានការទប់ស្កាត់ការខូចខាតដែលអាចប៉ះពាល់ដល់រចនាសម្ព័ន្ធ និងគំនូរបុរាណក្នុងព្រះវិហារនេះជាប្រចាំ។ បច្ចុប្បន្ន មន្រ្តីជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងសិក្សាពីការងារជួសជុលគំនូរបុរាណ និងពង្រឹងរចនាសម្ព័ន្ធដំបូលព្រះវិហារនេះ នៅពេលខាងមុននេះ។

ការដឹកភ្ញៀវទេសចរដោយរទេះគោ ត្រូវបានអ្នកនាំពាក្យក្រសួងវប្បធម៌ លើកឡើងថា តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើន ដែលក្នុងនោះមានដូចជា រមណីយដ្ឋានប្រាសាទ តំបន់ប្រវត្តិសាស្រ្តផ្សារភ្ជាប់ជាមួយធម្មជាតិ និងវត្តបុរាណដែលមានបន្សល់ទុកនៅគំនូរបុរាណ និងប្រវត្តិសាស្រ្តផ្សេងៗ។ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្សេងៗ ដើម្បីទៅទស្សនាតំបន់ទាំងនោះ គឺស្ថិតនៅតាមស្ថានភាពនៃតំបន់នីមួយៗ។

«ចំពោះការដឹកភ្ញៀវដោយរទេះគោ ទៅទស្សនាតំបន់វត្តនេះ គឺក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានការគាំទ្រដោយសារតែរទេះគោ គឺជាអត្តសញ្ញាណមួយរបស់ជាតិ ហើយភ្ញៀវទេសចរអន្តរជាតិ បានយល់ដឹងពីជីវភាពរបស់ប្រជាជនខ្មែរយើង នៅក្នុងតំបន់នោះថែមទៀតផង»។ នេះបើតាមលោក ស៊ុំ ម៉ាប់។

បើតាមតួលេខរបស់ក្រសួងធម្មការ និងសាសនា វត្តនៅទូទាំងប្រទេសមានជាង ៥០០០ វត្ត។ ដោយឡែក វត្តអារាមចាស់ៗ ដែលមានព្រះវិហារបុរាណ និងសំណង់បុរាណ/សំណង់ប្រវត្តិសាស្រ្តផ្សេងៗនៅក្នុងវត្ត ដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានដាក់ក្នុងកិច្ចអភិរក្សនោះ គឺមានចំនួនច្រើនលើសពី ១០០ ក្នុងចំណោម ៦១៤ វត្តបុរាណទូទាំងរាជធានី-ខេត្ត។ កិច្ចការនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមទាំងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំង២៥ កំពុងធ្វើការសិក្សាស្រាវជ្រាវ និងបានចុះបញ្ជីសារពើភណ្ឌ ជាបេតិកភណ្ឌជាតិជាបន្តបន្ទាប់ ហើយការងារដែលបាននិងកំពុងអនុវត្តនេះ គឺជារៀងរាល់ឆ្នាំ អ្នកជំនាញក្រសួងបានចុះធ្វើការសិក្សាស្រាវជ្រាវពីហានីភ័យនៃព្រះវិហារបុរាណ មានចំនួនកើនឡើងបន្ថែមជាបន្តបន្ទាប់ទៀត ដើម្បីដាក់ក្នុងផែនការដែលនឹងត្រូវធ្វើកិច្ចអភិរក្ស និងជួសជុល ស្របតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៨សរ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្តីពីការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។

បន្ថែមពីលើនេះ កន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការអភិរក្ស និងជួសជុលព្រះវិហារបុរាណតាមបណ្តាខេត្តនានាបានចំនួន ១២ និងអាជ្ញាធរជាតិអប្សរាបានកំពុងធ្វើការជួសជុលព្រះវិហារបានចំនួន ២ដែរ ហើយនាពេលថ្មីៗនេះ បានបញ្ចប់ការជួសជុលគំនូរព្រះវិហារវត្តរាជបូណ៌ ខេត្តសៀមរាប៕